រដ្ឋមន្ដ្រីក្រសួងការងារ ជំរុញក្រុមការងារបច្ចេកទេសចម្រុះបន្តពង្រឹងគុណភាពវិស័យ TVET បន្ថែមទៀត

វិទ្យុជាតិកម្ពុជា អត្ថបទ៖លោក ជួន បូណា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យក្រុមការងារបច្ចេកទេសចម្រុះ ក្នុងវិស័យអប់រំបណ្តុះ​បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈហៅកាត់ថាTVETឲ្យបន្តពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលដល់សិក្ខាកាម ដើម្បីមានសមត្ថភាពពេញលេញឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ននេះ។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TWG-TVET) បានស្នើដល់អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ត្រូវរួមកិច្ចសហប្រតិបត្តិការគ្នាយ៉ាងសកម្ម ដើម្បីសម្រេចគោលដៅសូចនាករតាមដានរួមគ្នា ឆ្នាំ២០១៩-២០២៣ដើម្បីសម្រេចបាននូវធនធានមនុស្ស ឬកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឆ្លើយតបបានតាមតម្រូវការទីផ្សាការងារ។
ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ថា ដើម្បីឲ្យវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកាន់តែមានប្រសិទ្ធភាពគ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈណាដែលមានតម្រូវការទីផ្សារការងារធានានិរន្តរភាពនិង គាំទ្រការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។
លោក Simon Junker នាយកប្រតិបត្តិស្តីទី នៃទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស(SDC)និងជាអ្នកដឹកនាំសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុមTWG-TVET បានលើកឡើងថា នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានសម្រេចនូវអាទិភាព ដែលមានចែងក្នុងយុទ្ធសាស្រ្ត និងផែនការជាតិតាមវិស័យជាមួយភាគីពាក់ព័ន្ធ រួមមាន៖ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជននានា ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន និងទៅអនាគតនៅកម្ពុជា៕