សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិប្រទេសហ្វាំងឡង់ជួបសម្តែងការគួរសម និងពិភាក្សាការងារ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​លោក​ អ៊ូ​ កាណែល​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំបេញបេសកកម្មការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នេះ បានអនុញ្ញាតឱ្យឯកឧត្តម វិលស្គីន ណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិបត្តិបត្តិការអភិវឌ្ឍន៍ និងពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសហ្វាំងឡង់ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ។
ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សាសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលបានលក់ម៉ាស៊ីនភ្លើងដល់ប្រទេសកម្ពុជាកន្លងទៅ ។ ជាពិសេសការគាំទ្រដល់វិស័យថាម ពល ។
ឯកឧត្តម វិល ស្គីនណារី មានប្រសាសន៍តបថា ឯកឧត្តមពិតជាអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសជួបពិភាក្សាការងារនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងហ្វាំងឡង់ និងកម្ពុជានៅមានកម្រិត ហើយដើម្បីជំរុញការងារទំនា ក់ទំនងនេះ ហ្វាំងឡង់កំពុងតែស្វែងរកកុងស៊ុលកិត្តិយស ដើម្បីជួយលើកតម្កើងដល់ទំនាក់ទំនងរវាងហ្វាំងឡង់និងកម្ពុជា នាពេលខាងមុខ។
ឯកឧត្តមបានអបអរសាទរ និងកោត សរសើរចំពោះកំណើនសេដ្ឋកិច្ចកម្ពុជា ដែលជាកំណើនសេដ្ឋកិច្ចដ៏ល្អ។ ឯកឧត្តមគូសបញ្ជាក់ថា ឯកឧត្តមពិតជារីករាយដែលឃើញក្រុមហ៊ុនរបស់ហ្វាំង ឡង់ ចុះកិច្ចព្រមព្រៀងលក់ម៉ាស៊ីនភ្លើងដល់ប្រទេសកម្ពុជា ដែលជាម៉ាស៊ីភ្លើងបញ្ចេញផ្សែងពុលកម្រិតទាបបំផុត។ ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រទេសហ្វាំងឡង់អាចជួយគ្រប់គ្រងកាកសំណ ល់ ហើយក៏ចាប់អារម្មណ៍លើវិស័យផ្សេងៗទៀតផងដែរ។ ឯកឧត្តមយល់ថា ក្រុម ហ៊ុនរបស់ហ្វាំងឡង់អាចនឹងមកបណ្តាក់ទុនរកស៊ីនៅកម្ពុជានាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់កាលពីឆ្នាំ២០០៦ ក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលហ្វាំងឡង់ធ្វើជាម្ចាស់ផ្ទះ។
តាមរយៈឯកឧត្តមរដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា មេដឹក នាំប្រទេសហ្វាំងឡង់ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នាឆ្នាំ២០ ២០ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមផងដែរថា ប្រទេសហ្វាំងឡង់នឹងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ដែរថា ការលក់ម៉ាស៊ីភ្លើងដែលមានអាចផលិតថាមពលរហូតដល់ ២០០មេហ្គាវ៉ាត់នេះ ជាការធ្វើពាណិជ្ជកម្មមួយដ៏សំខាន់ដោ យសារកន្លងទៅកម្ពុជាខ្វះអគ្គិសនី។ អ្វីដែលកម្ពុជាចង់ជំរុញ គឺធ្វើយ៉ាងណាឱ្យការបញ្ជូនម៉ាស៊ីនភ្លើងមកដល់កម្ពុជាឱ្យបានឆាប់ៗនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីការនាំចេញអង្កររបស់កម្ពុជាមកកាន់ទីផ្សារសហគមន៍អឺរ៉ុបផងដែរ។ សម្តេចបានស្នើប្រទេសហ្វាំងឡង់ គាំទ្រនូវគោលជំហររស់កម្ពុជាក្នុងការលក់អង្ករ ដោយសារកម្ពុជាមានអង្ករចំណាត់ថ្នាក់លេខ១នាំចេញមកអឺរ៉ុប។
សម្តេចតេជោហ៊ុន សែន ក៏បានលើកឡើងផងដែរថា ចំពោះការយកពន្ធលើអង្ករកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ការយកពន្ធនេះមិនយុត្តិធម៌សម្រាប់កម្ពុជានោះឡើយ ក្នុងការប្រកួតប្រជែងលើទីផ្សារសេរីនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូស បញ្ជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប ជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា។ វាជារឿងសំខាន់ណាស់សម្រាប់តំបន់ទាំងពីរនេះក្នុងការធ្វើការជាមួយគ្នាទាំងពេលកន្លងទៅ ក៏ដូចជាពេលខាងមុខ។
សម្តេចតេជោ បានបញ្ជាក់ទៅរដ្ឋមន្ត្រីហ្វាំងឡង់ថា ឥឡូវនេះភាគីទាំងពីរកំពុងចរចារិះរកវិធីធ្វើជំរុញការធ្វើពាណិជ្ជកម្មសេរីរវាងតំបន់ទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានស្នើហ្វាំងឡង់ ជំរុញគណៈប្រតិភូវិនិយោគមកកាន់កម្ពុជា ដើម្បីសិក្សាស្វែងយល់លើវិស័យដែលអាចវិនិយោគជាមួយគ្នាបាន។
លើសពីនេះទៀតសម្តេចតេជោ ក៏បានគូសបញ្ជាក់ថា ក្រៅពីវិស័យថាមពលអាចមានវិស័យផ្សេងៗទៀត ដែលប្រទេសហ្វាំងឡង់ និងក្រុមហ៊ុនរបស់ហ្វាំងឡង់អាចសិក្សាវិនិយោគ រួមលើសហគ្រាសធុនតូច និងធម្យមផងដែរ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម្តេចចង់ឃើញក្រុមហ៊ុនហ្វាំងឡង់វិនិយោគនៅកម្ពុជា ដោយអាចកែច្នៃនៅកម្ពុជាហើយនាំចេញទៅហ្វាំងឡង់ និងប្រទេសផ្សេងៗទៀត។សម្តេចតេជោ គូសបញ្ជា ក់ថា កម្ពុជាត្រូវការអ្នកវិនិយោគពីហ្វាំង ឡង់ ហើយក៏ត្រូវការពង្រីកទីផ្សារជាមួយហ្វាំងឡង់ផងដែរ សម្រាប់ផលិតផលរបស់កម្ពុជា។
សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា នៅពេលនេះ ប្រទេសកម្ពុជាបានទិញ និងនាំចូលផលិតពីហ្វាំងឡង់ច្រើនជាង ប្រទេសហ្វាំងឡង់ទិញ ឬនាំចូលផលិត ផលរបស់កម្ពុជាទៅហ្វាំងឡង់។ សម្តេចតេជោ បានមានប្រសាសន៍ប្រាប់រដ្ឋមន្ត្រីហ្វាំងឡង់ថា សម្តេចចង់ឃើញទំហំពា ណិជ្ជកម្មកម្ពុជា និងហ្វាំងឡង់មានការកើនឡើងនាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើក ឡើងថា កម្ពុជាមានធនធានធម្មជាតិដូច្នេះហ្វាំងឡង់ចូលរួមវិនិយោគ និងកែច្នៃសម្រាប់នាំចេញ។ ពាក់ព័ន្ធកាកសំ ណល់វិញ ដែលជារឿងរសើបមួយនៅកម្ពុជានោះ សម្តេចតេជោ បានស្នើហ្វាំង ឡង់ពិនិត្យវិនិយោគប្រសិនបើមានការចាប់អារម្មណ៍។សម្តេចតេជោបានបញ្ជាក់ថា រឿងគ្រប់គ្រងកាកសំណល់មិនមែនជារឿងដាច់ដោយឡែករបស់កម្ពុជានោះទេ តែវាក៏ជារឿងក្នុងតំបន់របស់អាស៊ានផងដែរ៕