ក្រសួងវប្បធម៌ ត្រៀមរៀបចំពិធីទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខពីជនជាតិជប៉ុន

វិទ្យុជាតិកម្ពុជាវ៉ាងភក្តី០៣០៧២០១៩៖

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនឹងរៀបចំពិធីទទួលអំណោយវត្ថុបុរាណខ្មែរចំនួន៨៥មុខឬបំណែកពីលោកស្រីបណ្ឌិតឫមីកូតាកាកុវ៉ា(Fumiko Takakuwa) ជនជាតិជប៉ុនដែលបានស្ម័គ្រចិត្តប្រគល់ជូនមករាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាវិញដើម្បីឧទ្ទិសដល់វិញ្ញាណខ័ន្ធស្វាមីរបស់លោកស្រីគឺលោកបណ្ឌិតសាស្ត្រាចារ្យម៉ូរីហ្វមីតាកាកុវ៉ា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី៣ខែកក្កដានេះបានឲ្យដឹងថាវត្ថុបុរាណទាំងនេះជាបដិមាព្រហ្មញ្ញសាសនាព្រះពុទ្ធសាសនាគ្រឿងលំអត្រាមានលំអរូបសត្វធ្វើពីសំរិទ្ធបំណែកតុបតែងខ្សែកធ្វើពីមាសកុលាលភាជន៍និងអកកំបោរធ្វើពីស្ពាន់ដែលមានអាយុកាលក្នុងសម័យបុរេប្រវត្តិសាស្រ្តសម័យមុនអង្គរសម័យអង្គរនិងសម័យក្រោយអង្គរ។

អំណោយវត្ថុបុរាណទាំង៨៥មុខនេះត្រូវបាននាំតាមរយៈលោកម៉ាសាម៉ូតូហូស៊ីណូ(Masatomo Hoshino) និង

ភរិយាកាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៩។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានសម្តែងការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីបណ្ឌិតហ្វូមីកូតាកាកុវ៉ាដែលមានចិត្តសប្បុរសប្រគល់វត្ថុបុរាណទាំងនេះជូនមករាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាវិញនិងលោកម៉ាសាម៉ូតូហូស៊ីណូនិងភរិយាដែលបានសម្របសម្រួលនិងដឹកនាំវត្ថបុរាណទាំងនេះមកកាន់កម្ពុជាវិញ។

លោកជំទាវភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានលើកឡើងថា«គ្រប់ពេលវេលាការប្រគល់ត្រឡប់មកវិញនូវរតនវត្ថុរបស់ជាតិគឺជាការវិលមកវិញនូវព្រលឹងរបស់បុព្វបុរសខ្មែរជាមង្គលដ៏ឧត្តមរបស់ជាតិ

ការស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណមកកាន់ប្រទេសកំណើតវិញបង្ហាញឲ្យឃើញពីការលើកតម្លៃសម្បត្តិវប្បធម៌នៃមនុស្សជាតិនិងការប្រសើរឡើងនូវក្រមសីលធម៌នៃអ្នកធ្វើសមុច្ច័យវត្ថុបុរាណ»លោកជំទាវបានបន្តដោយលើកទឹកចិត្តដល់បុគ្គលឯកជនសារមន្ទីរក្រុមហ៊ុនក៏ដូចស្ថាប័ននានាលើសកលលោកដែលកំពុងតាំងបង្ហាញនិងរក្សាទុកវត្ថុបុរាណរបស់កម្ពុជាជួយសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាតាមរយៈស្ថានទូតកម្ពុជានៅតាមប្រទេសនីមួយៗក្នុងការ

ស្ម័គ្រចិត្តប្រគល់វត្ថុបុរាណទាំងនោះមកកម្ពុជាវិញ។លោកជំទាវមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថាទង្វើដ៏ថ្លៃថ្លានេះមិនត្រឹមតែបង្ហាញ់ពីការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍នីមួយៗប៉ុណ្ណោះទេតែក៏បានចូលរួមចំណែកដ៏ឧត្តុង្គឧត្តមក្នុងការផ្សះផ្សានិងព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជាដែលឆ្លងកាត់

សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនិងរងគ្រោះពីសោកនាដកម្មនិងទារុណកម្មនៃអំពើប្រល័យពូជសាសន៍ប៉ុលពត៕