ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់បណ្តារដ្ឋជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ពិចារណាគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​​ ផន​ វាសនា​៖

សម្តេច​ បានអំពាវនាវដល់បណ្តារដ្ឋជាសមាជិក និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ពិចារណាផ្តល់ការឧបត្ថម្ភគាំទ្របន្ថែមទៀត ដូចជាការពង្រឹងភាពប្រគួតប្រជែងរបស់ប្រទេស អភិវឌ្ឍន៍តិចតួច និងជួយគាំទ្រដល់កម្មវិធីនៃដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៣ ខែកក្កដានេះ ខណៈដែលចក្ខុវិស័យរបស់កម្ពុជា គឺការប្រែក្លាយខ្លួនឲ្យទៅជាប្រទេសដែលមាន ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដើម្បីឲ្យកម្ពុជាសំរេចបាននូវគោលដៅនេះ ក៏ដូចជាជួយដល់ប្រទេសអភិវឌ្ឍន៍តិចតួច ឲ្យចាកចេញពីភាពក្រីក្របានឆាប់រហ័ស ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។សម្តេចតេជោ ក៏បានស្នើឲ្យមានការបន្ត និងបង្កើនផ្តល់ភាពអនុគ្រោះនានា តាមរយៈប្រពន្ធ័ពាណិជ្ជកម្មពហុ ភាគី ឬឯកតោភាគី និងសូមធ្វើការពិចារណាឲ្យបានដិតដល់ មុននឹងដាក់វិធានការព្យួរឬដក ចេញនៃភាពអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍តិចតួច ព្រោះការព្យួរនឹងធ្វើឲ្យប្រទេសទាំងនោះ មិនអាចជួយពិភពលោក ឲ្យសំរេចបានគោលនៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងមិនអាច ជួយពួកគេឲ្យចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបានឡើយ។