មន្រ្តីជំនាញកសិកម្មផ្តល់បច្ចេកទេសដាំដុះនិងចិញ្ចឹមសត្វជាច្រើនទៀតដល់សម្បទានិក ឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 03,07,2019៖

មន្រ្តីបច្ចេកទេសកសិកម្មផ្តល់បច្ចេកទេសដាំដុះនិងចិញ្ចឹមសត្វជាច្រើនទៀតដល់សម្បទានិដែលទទួលបានដីសម្បទានសង្គមកិច្ចក្នុងឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ ដើម្បីប្រែក្លាយជីវភាពរបស់ពួកគេឲ្យកាន់តែល្អប្រសើរឡើងតាមរយៈការអភិវឌ្ឍរបរកសិកម្ម។

មន្ត្រីការិយាល័យស្រុកសន្ទុកខេត្តកំពង់ធំបានបង្ហាញឲ្យដឹងថា អង្គភាពនេះនៅតែបន្តផ្តល់បច្ចេកទេសនៃការដាំដំណាំផ្សេងជាច្រើនប្រភេទទៀតទៅតាមតម្រូវការទីផ្សាររួមទំាងការ ចិញ្ចឹមសត្វផងដែរ ដល់ប្រជាពលរដ្ឋដែលជាសម្បទានិករស់នៅក្នុង ទីតាំងដីសម្បទានសង្គមកិច្ចស្ថិតនៅភូមិអូធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជួយបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។


លោក ណាវ រ៉ា តំណាងការិយាល័យកសិកម្មស្រុកសន្ទុក បានមានប្រសាសន៍ថា មន្ត្រីជំនាញការិយាល័យស្រុកសន្ទុកបានចុះបង្រៀន និងផ្តល់បច្ចេកទេសភាគច្រើនគឺចិញ្ចឹមមាន់ ជ្រូក គោ នឹងដំាដំណាំដូចជា ស្វាយចន្ទី ស្រូវ ដំឡូង ត្រប់ ត្រសក់ សណ្តែកគួរ ត្រកួន និងបន្លែរួមផ្សំជាច្រើនប្រភេទទៀត ។ លោកបានបញ្ជាក់ថា ការផ្តល់បច្ចេកទេសដាំដុះនិងចិញ្ចឹម សត្វនេះ គឺដើម្បីឲ្យសម្បទានិកដាំដុះទៅបានរីកលូតលាស់ល្អ ទទួលបានទិន្នផលយ៉ាងល្អប្រសើរ សម្រាប់លក់នៅក្នុងសហគមន៍នេះផង ព្រមទំាងបញ្ចេញទៅលក់នៅតំបន់ភូមិឃុំជាប់គ្នា នេះផង។


សំលេង៖ការចិញ្ចឹមមាន់ដែលចាំបាច់ជាងគេ ហើយក្រៅពីនេះគឺយើងមានការបណ្ដុះបណ្ដាលពីឈើហូបផ្លែ ហើយមួយចំនួនទៀតគឺពាក់ព័ន្ធនឹងការដាំដុះបន្លែគឺយើងតាមលក្ខណៈគ្រួសារ មានមួយចំនួនទៀតគឺគាត់បានលក់ដូរទៅទីផ្សារដែរ ជាទូទៅការដាំដុះបន្លែវិញគឺថាត្រឹម ៤០ភាគរយ ការចិញ្ចឹមមាន់គឺ ៥០ភាគរយ បើស្វាយចន្ទីគឺភាគច្រើនគឺច្រើន១០០ភាគរយ។

អ្នកស្រី ហ៊ី ណាន ជាសម្បទានិក រស់នៅភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីអ្នកស្រីចាប់ផ្តើមចិញ្ចឹមមាន់នេះមក គឺបានកែប្រែជីវភាពគ្រួសារបានមួយកំរិតធំ ដោយមានការចុះបណ្តុះបណ្តាលពីមន្ត្រីជំនាញ ពីការចិញ្ចឹមមាន់ ផលិតចំណីធម្មជាតិ នឹងផ្តល់កូនមាន់ ដើម្បីធ្វើជាដើមទុនក្នុងការចិញ្ចឹមបន្ថែមទៀត ។ អ្នកស្រីបានអៈអាងថា អ្នកស្រី នឹងខិតខំពង្រីកផលិតកម្មចិញ្ចឹមមាន់នេះឲ្យបានកាន់តែធំបន្ថែមទៀត ដើម្បីពង្រីកជីវភាពឲ្យកាន់ តែល្អប្រសើរដែលអាចជំរុញឲ្យកូនៗបានទៅរៀនគ្រប់កម្រិតលើកកម្ពស់ចំណេះដឹងអានាគត របស់ពួកគេ។
 ខ្ញុំបានចិញ្ចឹមខ្លួនឯងតែម្ដង ចិញ្ចឹមបាន៤ – ៥សារហើយ ដាក់២០០ក្បាល ១០០ក្បាល ដោយមានការផ្ដល់ដើមទុនជាកូនមាន់ចំនួន១០០ក្បាល ហើយគេបង្រៀនឲ្យមានដាក់ចំណីធម្មជាតិ មានស្រូវមានផ្ទី មានស្លឹកបាស់ ដើមចេកជាដើម ។
មន្ត្រីជំនាញមន្ទីរកសិកម្មខេត្តកំពង់ធំ បានចុះប្រជុំណែនាំ នៅតំបន់ឃុំទីពោ ស្រុកសន្ទុក អំពីការបង្ហាញបច្ចេកទេសមូលដ្ឋានពីការគ្រប់គ្រងដី ការគ្រប់គ្រងបស្សុសត្វ ការប្រើប្រាស់ចំណី និងបានបណ្តុះបណ្តាលស្តីពីការចិញ្ចឹមសត្វ ដល់ប្រជាពលរដ្ឋសរុបចំនួន ប្រមាណ២០៣នាក់ ។
សូមបញ្ជាក់ថា ការផ្តល់បច្ចេកទេសកសិកម្មនិងការចិញ្ចឹមសត្វគឺជាសមាភាពមួយដ៏ សំខាន់របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ដែលបាននឹង កំពុងផ្តល់ជូនដល់សម្បទានិកនៅក្នុងគម្រោង ដើម្បីឲ្យសម្បទានិកមានសមត្ថភាពគ្រប់គ្រាន់ ក្នុង ការដាំដុះចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនិងលក់ដូរដែលជួយបង្កើនជីវភាពរបស់ខ្លួន។
នាពេលដ៏ខ្លីខាងមុខនេះគម្រោងគ្រោងនឹងផ្តល់ទុនបង្វិលបន្ថែមទៀតចំនួន២៨០ដុល្លាអាមេរិក ដល់គ្រួសារសម្បទានិកដើម្បីបង្កើនដើមទុនក្នុងការបង្កបង្កើនផលនិងពង្រីកមុខរបររបស់ខ្លួន៕