ក្រសួងការបរទេស៖ លោក មូន និងលោក ត្រាំ អះអាងពីការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធភាព នឹងការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា  ឆ្នាំ២០១៩ — ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃអង្គារថា លោកប្រធានាធិបតីកូរ៉េ​ខាង​ត្បូងលោក មូន ចា-អ៊ិន(Moon Jae-in) និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ​(Donald Trump) បានអះអាងសារជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសម្ព័ន្ធមិត្ត​ទ្វេភាគី នឹងការ​បញ្ចប់ការធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរ ដែលបានផ្ទៀង​​ផ្ទាត់យ៉ាងពេញលេញ​នៅកូរ៉េខាង​ជើង ​ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេនៅក្នុងទីក្រុងសេអ៊ូលកាល​ពីចុង​សប្តាហ៍កន្លងទៅនេះ។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក Trump ទៅកាន់ប្រទេសកូរ៉េខាងត្បូង​បាន​ធ្វើឱ្យមានការកត់សម្គាល់ពីដំណើរទស្សនកិច្ចដែលមិនបានគ្រោងទុក ព្រមទាំងមានកិច្ចចរចាលើកទី៣​ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ដែលបានបង្កើតកិច្ចព្រមព្រៀងមួយ  ដើម្បីបន្តកិច្ចចរចាថ្នាក់ការងារស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើង  នឹងការបោះជំហានទៅមុខរបស់លោក ទៅលើព្រំដែនអន្តរកូរ៉េ ដើម្បីក្លាយជាប្រធានាធិបតី​អាម៉េរិកទីមួយដែលបានជាន់ទឹកដីកុម្មុយនីស្តមួយនេះ។

លោក Moon នឹង Trump បានធ្វើកិច្ចចរចាកាលពីថ្ងៃអាទិត្យ មុនពេលធ្វើដំណើររួមគ្នា​ទៅកាន់តំបន់គ្មានយោធាដែលបានបែងចែកកូរ៉េខាងទាំងពីរ សម្រាប់កិច្ចប្រជុំត្រីភាគី​ជាប្រវត្តិ​សាស្រ្តជាមួយលោក គីម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសបាននិយាយថា មេដឹកនាំទាំងពីរ​បានអះអាងនូវចំណងមិនអាចបំបែកបានរវាងប្រទេសយើងទាំងពីរ នឹងបានប្តេជ្ញាពង្រឹង​ទំនាក់​ទំនងទ្វេភាគីរបស់យើងបន្ថែមទៀត។ ចំពោះកូរ៉េខាងជើង ពួកគេបាន​​សង្កត់​ធ្ងន់​លើ​តម្រូវ​ការដើម្បីបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ។

ក្រសួងការបរទេសបាននិយាយថា «ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត​របស់ខ្លួន ក្នុងការសម្រេចឱ្យបាននូវការបញ្ចប់ការធ្វើមិនឱ្យមាននុយក្លេអ៊ែរនុយក្លេអ៊ែររបស់កូរ៉េខាងជើង នឹងការអនុវត្តពេញលេញនៃដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិទាក់ទងនិងកូរ៉េខាងជើង » ដោយកត់សម្គាល់ថា ការដាក់ទណ្ឌកម្មអន្តរជាតិ បាន​ដាក់លើទីក្រុងព្យុងយ៉ាងសម្រាប់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ។

លោក Trump នៅតែប្តេជ្ញាក្នុងការសម្រេចឱ្យបាននូវគោលដៅ ដែលលោក​ និង​លោក គីម ព្រមព្រៀងគ្នានៅក្នុងជំនួបលើកដំបូងរបស់ខ្លួននៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ រួមទាំងការផ្លាស់ប្តូរទំនាក់ទំនងទ្វេភាគី ការកសាងសន្តិភាពយូរអង្វែង នឹងការលុប​បំបាត់​នុយក្លេអ៊ែរទាំងស្រុងនៅប្រទេសកូរ៉េខាងជើង៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )