មហាយក្សចិននឹងបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្សនៅទីក្រុងប៉េកាំដើម្បីអបអរខួបទី៧០នៃបក្សកុម្មុយនីសចិន

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖

រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងបើកឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្ស រូបរាងស្អាតប្លែក និងគួរឲ្យទាក់ទាញរបស់ខ្លួនមានឈ្មោះថា Beijing Daxing នៅចុងខែកញ្ញខាងមុខនេះមុនមួយថ្ងៃនៃខួប៧០ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិនដែលគម្រោងការសាងសង់នេះមានតម្លៃប្រមាណ ១២០ ពាន់លានយ័នស្មើ១៧,ពាន់៥០០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សរព័ត៌មាន Channel News Asia។


ពិធីអបអរសាទរនៃព្រឹត្តិការណ៍នេះនឹងមានវត្តមានជាអធិបតី លោកស៊ីជីនភីង ប្រធានាធិបតី
និងមានក្បួនដង្ហែរយោធាដ៏ធំ ដើម្បីបញ្ជាក់ថាមជ្ឈមណ្ឌលដ៏ទំនើបនេះគឺជាសមិទ្ធិផលនៃក្តីសុបិន្តរបស់ប្រជាជនចិនដែលសម្រេចបាន ស្ថិតនៅចម្ងាយ៤៦គីឡូម៉ែត្រភាគខាងត្បូងនៃទីលានធៀនអានមេន។


អាកាសយានដ្ឋានថ្មីនឹងដំណើរការពេញសមត្ថភាពនៅឆ្នាំ ២០២៥ ដោយមានផ្លូវរត់ចំនួនបួននិងអាច ទទួលអ្នកដំណើរចំនួន ៧២លាននាក់ក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថាអាកាសយានដ្ឋាន Beijing Daxing នេះមានផ្ទៃក្រឡារហូតទៅដល់ ៧០០,០០០ម៉ែត្រការ៉េ ដែលមានរាងដូចជាផ្កាយសមុទ្រយ៉ាងធំ ដោយនៅខាងក្រោមគឺជាស្ថានីយ៍រថភ្លើងនិងខ្សែរថភ្លើងក្រោមដីដែលនឹងអនុញ្ញាតឱ្យអ្នកដំណើរទៅដល់កណ្តាលទីក្រុងក្នុងរយៈពេល២០នាទីតែប៉ុណ្ណោះ។ ប្រភព៖ Channel News Asia