អ្នកស្រាវជ្រាវបុរាណវិទ្យា រកឃើញថ្មីមួយទៀតឈ្មោះ កំពង់ដំរី នៅខេត្តក្រចេះ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩  -លោកសាស្រ្ដាចារ្យ បណ្ឌិត ធុយ ចាន់ធួន និង អ្នកស្រាវជ្រាវបុរាណវិទ្យា ជាច្រើនរូបទៀត នៃរាជបណ្ឌិតសភាកម្ពុជា បានធ្វើការស្រាវជ្រាវយ៉ាងសកម្មទៅលើក្រុងបុរាណ ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្រ្ដ និង ទីក្រុងសម្ភុបុរៈ ដែលបច្ចុប្បន្ននៅក្នុងទឹកដីខេត្តក្រចេះ បានរកឃើញប្រាសាទថ្មីៗជាបន្តបន្ទាប់ ។

ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលយ៉ាងយូរ ចាប់តាំងពីឆ្នាំ២០១៥ នៅពេលនេះក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យា បានបង្ហាញពីលទ្ធផលស្រាវជ្រាវរកឃើញប្រាសាទថ្មីមួយទៀតដែលមានឈ្មោះថា ប្រាសាទកំពង់ដំរី ។

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានឱ្យដឹងនៅថ្ងពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ប្រាសាទកំពង់ដំរីស្ថិត ក្នុងភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ក្រុមស្រាវជ្រាវអំពីទីក្រុងសម្ភុបុរៈ ក្រុមស្រាវជ្រាវយើងបានចូលរួមស្រាវជ្រាវយ៉ាងសកម្មទៅលើក្រុងបុរាណ ប្រាសាទបុរាណ រមណីយដ្ឋានប្រវត្តិសាស្រ្ដ និង ទីតាំងបុរាណស្ថាន ដែលមានទំនាក់ទំនងនឹងអរិយធម៌ចេនឡា ចាប់តាំងពីឆ្នាំ២០១៥មកម្លេះ។

លោកសាស្ត្រាចារ្យបណ្ឌិត ធុយ ចាន់ធួន បានឱ្យដឹងទៀតថា កាលព ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបង្រៀនពីវិធីសាស្រ្ដប្រមូលទិន្នន័យ នៅពុទ្ធសាសនបណ្ឌិត្យ ខ្ញុំបានដឹកនាំសិក្ខាកាមដែលជាថ្នាក់ដឹកនាំមន្ត្រី នៃពុទ្ធសាសនបណ្ឌិត្យ ចុះកម្មសិក្សាអនុវត្តន៍ផ្ទាល់ នៅទីក្រុងសម្ភុបុរៈ នៃអាណាចក្រចេនឡា បុរាណ គឺនៅស្រុកចិត្របុរី ស្រុកសំបូរ ខេត្តក្រចេះ បច្ចុប្បន្ន ។ ពេលនោះយើងបានអនុវត្តន៍នូវវិធីសាស្រ្ដស្រាវជ្រាវដោយផ្ទៀងផ្ទាត់ទិន្នន័យជាមួយនឹងអត្ថបទស្រាវជ្រាវមុនៗ ដែលជាភស្ដុតាងទិន្នន័យទី២ (Secondary data) ដូចជា ប្រជុំរឿងព្រេងខ្មែរ ពង្សាវតារខ្មែរ ប្រាសាទបុរាណខ្មែរ សាស្រ្ដាស្លឹករឹត ជាមួយឯកសារបរទេសដូចជា សៀវភៅបញ្ជីសារពើភណ្ឌពិពណ៌នា នៃប្រាសាទនៅកម្ពុជា ដោយលោកលុយណេដឺឡាហ្សុងគ្យែ បោះពុម្ពក្នុងឆ្នាំ១៩០២ -១៩០៧ និង១៩១១ ជាដើម។ លើសពីនេះយើងបានចុះអនុវត្តន៍ ធ្វើសម្ភាសន៍ និងពិនិត្យភស្ដុតាងពិតនៃអរិយធម៌សម្ភុបុរៈបុរាណ មានប្រាសាទ សិលាចារិក បុរាណវត្ថុ ជាទិន្នន័យទី១ ។

តាមរយៈការសម្ភាសន៍ យើងទទួលបានព័ត៌មានពីកសិករឈ្មោះ សាំង សុខ ថាមានគ្រឹះប្រាសាទមួយនៅលើក្បាលកោះរងាវ ស្ថិតនៅក្រោយដីចំការរបស់កសិករ គង់ ប៊ុនធឿន និង ក្រុមស្រាវជ្រាវយើងបានទៅពិនិត្យផ្ទាល់លើទីតាំងក្បាលកោះរងាវ ក៏បានរកឃើញ ប្រាសាទកំពង់ដំរី ស្ថិតនៅក្នុងភូមិសាស្រ្ដ ក្នុងភូមិកំពង់ដំរី ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ  តែម្តង ៕

ដោយ ណយ នឿន