សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

AKP តាកែវ ថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណសាសាឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ បានរៀប ចំពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដល់ប្រជាពល រដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៤១គ្រួសារ មកពីឃុំគោកពោធិ៍ ១៥គ្រួសារ និងឃុំដូងខ្ពស់២៦គ្រួសារ ក្នុងស្រុកបូរីជលសា ខេត្តតាកែវ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមនឹងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ជាច្រើនរូបទៀត។

មានប្រសាសន៍សំណេះសំណាលនៅពេលនោះ ឯកឧត្តម អ៊ូច ភា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្រីក្រ មានជំងឺ ជាពិសេសចំពោះបងប្អូនដែលរងគ្រោះដោយខ្យល់កន្ត្រាក់នៅពេលនេះ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបាន ណែនាំឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌មកចែកជូនបងប្អូនឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូន។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន  តែងតែមានក្តីបារម្ភ។​​ ជានិច្ចកាលសម្តេចទាំងពីរលោកតែងតែចាត់មន្ត្រីឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូន។ ដូចករណីបងប្អូនជួបគ្រោះខ្យល់កន្ត្រាក់នៅពេលនេះជាដើម គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ឱ្យមន្ត្រី កាកបាទក្រហមចុះយកអំណោយមកចែកជូនបងប្អូនឱ្យបានទាន់ពេលវេលា ដោយមិនមានការរើសអើងជាតិសាសន៍ ឬនិន្នាការនយោបាយអ្ធីទាំងអស់។ និយាយរួមប្រជាពលរដ្ឋដែលជួបការលំបាកគឺត្រូវតែចុះទៅជួយឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តតាកែវ មានប្រសាសន៍បន្ថែមថា គ្រោះធម្មជាតិនេះវាអាចកើតឡើងគ្រប់ពេលវេលាទាំងអស់ ដែលទាមទារឱ្យអាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវត្រៀមកម្លាំងប្រជាការពារ រួមនឹងកម្លាំងសមត្ថកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាពិសេសប្រសិនបើពួកគាត់ជួបគ្រោះខ្យល់កន្ត្រាក់រលំផ្ទះ ត្រូវតែសហការគ្នាក្នុងការជួយជួសជុលផ្ទះរបស់ពួកគាត់ភ្លាម កុំទុកឱ្យពួកគាត់រស់នៅក្នុងសភាពគ្មានជម្រកស្នាក់អាស្រ័យឱ្យសោះ។ ប្រជាពលរដ្ឋមានទុក្ខលំបាកក្នុងជីវភាព ឬជួបគ្រោះធម្មជាតិ ក្នុងនាមយើងជាមន្ត្រីដែលជាអ្នកបម្រើប្រជាពលរដ្ឋ ពិសេសកាកបាទក្រហមត្រូវតែចុះជួយប្រជាពលរដ្ឋភ្លាមៗ កុំទុកឱ្យពួកគាត់ខ្វះខាតលើជីវភាពកាន់តែធ្ងន់ធ្ងរជាងនេះ។ ពោលគឺត្រូវជួយដោះទុក្ខពួកគាត់ឱ្យបាន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលជួបការខ្វះខាត បានរស់នៅមានជីរភាពសមរម្យគ្រប់គ្រាន់។

អំណោយដែលត្រូវបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៤១គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ចំនួន ២៥គីឡូក្រាម ឃីត១កញ្ចប់ កន្ទេល១  តង់១ ​និងថវិកាមួយចំនួនផងដែរ៕

ដោយ អ៊ុច សៀង