អង្គការ JCIA មានបំណងមកវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី​០៣ ខែ​កក្កដា ឆ្នាំ២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី តូច ចាន់កុសល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូប្រឹក្សាធុរកិច្ចអង្គការ JCIA ដឹកនាំដោយលោក Takeshi Saito ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងផងដែរ។

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ ជំនួបពិភាក្សានេះធ្វើឡើងដើម្បីស្ដាប់ការធ្វើបទបង្ហាញរបស់តំណាងអង្គការ JCIA អំពីឧបករណ៍បច្ចេកវិទ្យាសម្រាប់ពិសោធន៍ដី មុននឹងធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាស្វែងរកសក្ដានុពល និងឱកាសវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាផងដែរ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទី បានសម្ដែងការស្វាគមន៍ចំពោះគម្រោងនេះ ព្រោះថា ក្រសួងសាធារណការ និងដឹកជញ្ជូនមានតួនាទីក្នុងការសាងសង់ផ្លូវ ស្ពាន កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀតជាច្រើន។ បើមានឧបករណ៍ទំនើបសម្រាប់ពិសោធន៍ដី នោះនឹងធ្វើឱ្យគុណភាពសំណង់ទាំងនោះរឹតតែមានគុណភាពថែមទៀត។

ជាមួយគ្នា​នេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីស្ដីទីក៏​បានមាន​ប្រសាសន៍​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅផងដែរ​ ចំពោះគណៈប្រតិភូដែលមានបំណងមកវិនិយោគលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា និងស្នើឱ្យអង្គការនាំយកឧបករណ៍បច្ចេកទេសទាំងនោះមកកម្ពុជាដើម្បីធ្វើការពិសោធន៍ ព្រមទាំងស្នើឱ្យអង្គការជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញរបស់ក្រសួង(នៅប្រទេសជប៉ុន) ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឧបករណ៍ទំនើបនោះ។

សូមបញ្ជាក់ថា អង្គការ JCIA គឺជាអង្គការមនុស្សធម៌ មានទីស្នាក់ការនៅប្រទេសជប៉ុន និងបានចុះពិធីសារកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ក្នុងភាពជាដៃគូតាំពីឆ្នាំ១៩៩៦។ អង្គការនេះកំពុងបន្តការគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម ពោធិ៍សែនជ័យ លើកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជា៖ កាត់ដេរសម្លៀកបំពាក់ ជួសជុលម៉ូតូ និងម៉ាស៊ីនធុនតូច ជួសជុលទូរទស្សន៍ បរិក្ខារអគ្គិសនី កាត់សក់ ជួសជុលទូរស័ព្ទ បង្រៀនកុំព្យូទ័រ ភាសាអង់គ្លេស ភាសាជប៉ុន សំណង់ និងបដិសណ្ឋារកិច្ច ជាដើម ៕

ដោយ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន