គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ជំរុញពង្រឹងការរក្សាការពារ​សន្តិសុខ សុវត្ថិភាពនិងស្ថិរភាពសង្គម

AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែកក្កដា ​ឆ្នាំ២០១៩ -គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាដល់អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវបន្ត​ការយកចិត្តទុកដាក់គ្រប់គ្រង់សភាពការណ៍នយោបាយ​ពង្រឹងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅតាមមូលដ្ឋានជូនដល់ប្រជាពល​រដ្ឋ ឱ្យបានល្អប្រសើរថែមទៀត។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកាលពីថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យបាន​​ជំរុញដល់មេបញ្ជាការ មេបញ្ជាការងកងកម្លាំងឯកភាពក្នុងខេត្ត និង អាជ្ញាធរក្រុង ស្រុកទាំង៩ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀតលើបញ្ហាសណ្ដាប់​​ធ្នាប់សន្ដិសុខសាធារណៈ ត្រូវតែរក្សាការពារសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងសង្គមឱ្យ បានល្អរឹងមាំថែមទៀត ដើម្បីជំរុញលើកិច្ចការអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន ប្រជា ពល​រដ្ឋរស់នៅក្នុងភាពសុខសាន្តនោះ ។

ឯកឧត្តម អ៊ុំ រាត្រី បន្តថា ចំពោះសន្តិសុខតាមតំបន់ព្រំដែន ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រក្សាបានព្រំដែនស្ថិរភាពសន្តិភាព មិត្ត ភាពសហប្រតិបត្តិការនិងការអភិវឌ្ឍរក្សាបាននូវបូរណភាពទឹកដីនិងបានប្រែក្លាយតំបន់ទាំងនោះជាតំបន់ពាណិជ្ជកម្មដ៏មានសារៈសំខាន់និងជាតំបន់ដ៏មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ​កាន់តែមានចំនួនច្រើន ថែមទៀត។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានជំរុញដល់អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់​សមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់រួមសហការគ្នា បន្តចុះពង្រឹងការអនុវត្តគោលនយោ​បាយភូមិ ឃុំមានសុវត្ថិភាពតាមមូលដ្ឋាន ។ ចុះត្រួតពិនិត្យការប្រើប្រាស់អាវុធជាតិផ្ទុះខុស​ច្បាប់បង្ក្រាបបទល្មើសផ្សេងៗរួមមាន បញ្ហាប្រយុទ្ធប្រឆាំងគ្រឿងញៀន អំពើរចោរលួច ចោរ ប្លន់ ល្បែងស៊ីសង ​ជាដើម។

ពាក់ព័ន្ធការទប់ស្កាត់ទំនិញគេចពន្ធនោះអភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យក្រៅពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត យើងមានទីស្នាក់ការត្រួតពិនិត្យ ច្រកទ្វារ​តំបន់​ព្រំដែនម៉ាឡៃ ,បឹងត្រកួន សម្រាប់ដល់ការធ្វើពាណិជ្ជកម្ម​នាំទំនិញចេញ-ចូល តាមតំបន់នីមួយៗ និងមានច្រករបៀងនៅតាមបណ្តោយព្រំដែននេះជាបញ្ហាលំបាក ហើយ ទាមទារដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងតាមព្រំដែន និងសមត្ថកិច្ចជំនាញត្រូវ តែបន្ត​រួមគ្នាបង្កើនការទប់ស្កាត់នូវការរត់ពន្ធទំនិញខុសច្បាប់ ទំនិញគេចពន្ធ ទំនិញខូចគុណ ភាព ការនាំពលករតាមរយៈមេខ្យល់ដោយគ្មានច្បាប់ត្រឹមត្រូវ ពិសេសការជួញដូរស្ត្រី និង កុមារ​គ្រឿងញៀន ចោរលួច ចោរប្លន់ ឆ្លងដែនឃាដកម្ម និងភេរវកម្មឆ្លងដែនជាដើម៕

ដោយ ឈុន សារ៉ាត