សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់ទីក្រុងហ្សឺណែវប្រទេសស៊្វីសប្រកបដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុ​ជា​ និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សឺណែវ ប្រ​ទេ​​ស ស៊្វីសប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៧និង៤៥នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រ​ទេស​ស៊្វីស ត្រូវនឹងម៉ោង២២និង៤៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នា​រាត្រីថ្ងៃអង្គារ  ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០១៩ បន្ទាប់ពី​ចំណាយពេលនៃការហោះហើរប្រមាណ ១៤ម៉ោ​ង​រួចមក ដើម្បីអញ្ជើញចូល រួមក្នុង​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់​ពា​ណិ​ជ្ជកម្ម ឆ្នាំ២០១៩។ នេះ បើតាមប្រភពពីអ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជា(TVK)។

នៅអាកាសយានដ្ឋានអន្តរជាតិ​ហ្សឺណែវ វត្តមាននៃការអញ្ជើញដល់របស់​សម្តេចតេ​ជោ​ និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពី​សំ​ណាក់​ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ថ្នាក់ដឹកនាំរដ្ឋាភិបាលស៊្វីស ឯកឧត្តម ណី សំ​អុ​ល ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ស​ហ​ព័ន្ធ​​ស៊្វីស និងជាតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំ​មន្ទីរអង្គការសហប្រជាជាតិ និងអង្គការ​អ​​ន្តរ​ជាតិនានាប្រចាំទីក្រុងហ្សឺណែវ ឯកឧត្តម ថៃ ប៊ុនថន ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍  រប​ស់​ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភព​លោក ព្រមលោក លោ​ក​ស្រី​ ជាឥស្សរជន​ការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សហព័ន្ធស៊្វីស និងប្រចាំអង្គ​ការ​​ពាណិជ្ជកម្មពិ​ភពលោកជាច្រើនរូប។ វត្តមានរបស់សម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តី ទៅកាន់ទីក្រុង​ហ្សឺ​ណែវ ប្រទេសស៊្វីសនៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ ​ជា​សកល​លើ​ជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ ដែលនឹង​ប្រារព្ធធ្វើ​ឡើង​​នៅ​ថ្ងៃទី០​៣ និងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។

ស​ម្តេច​តេជោនាយករដ្ឋមន្រ្តី គឺជាភ្ញៀវពិសេសរបស់ឯកឧត្តម រ៉ូប៊ែតូ អា​ហ្សេ​វ៉េដូ អគ្គ នាយក​អង្គ​ការ​​ពាណិជ្ជកម្មពិភពលោក (WTO)។ សម្តេចតេជោនឹង​អញ្ជើញ​ថ្លែង​សុន្ទរកថាគន្លឹះ ក្នុងពិធីបើ​ក​​កិច្ច​ប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពី​ជំនួយសម្រាប់​ពាណិជ្ជ​កម្ម ក្រោម​ប្រ​ធាន​បទ ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្តល់អំណាច​សេដ្ឋកិច្ចប្រកប​ដោយ បរិយា​ប័ន្ន និង​ចីរភាព តាមរយៈជំនួយសម្រាប់ពាណិជកម្ម ដើម្បីចែក​រំលែក​បទពិសោធន៍​របស់កម្ពុជា ក្នុ​ង​​ការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃ​ការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច ក្រោ​យ​ពេលដែលកម្ពុជាក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្ម​ពិភពលោក កាល ពី​ឆ្នាំ​២០០៤ ។ ព្រ​ម​​​ទាំងតួនាទីរបស់កម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងការ​ទ្រទ្រង់​ប្រព័ន្ធ ពាណិជ្ជកម្ម​ពហុភាគី និង​ការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល នៅទីស្នាក់​ការ កណ្តាលអង្គការ​ពាណិជ្ជ​កម្ម​ពិ​​ភពលោក​។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង​អញ្ជើញថ្លែងសុន្ទរកថា​គន្លឹះ​ចំនួ​ន​​២ទៀត ក្នុង​នោះទី១ ថ្លែងក្នុងព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទី​ស្នាក់ការអង្គការ​ពាណិជ្ជ​កម្ម​ពិភ​ពលោក និង​ទី២ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំក្រុម ប្រឹក្សា​សិទ្ធិ​មនុស្ស អង្គការ​សហ​ប្រ​ជា​ជា​តិលើកទី៤១​។

ក្នុងឱកាសនៃការស្នាក់អាស្រ័យនៅ ទីក្រុងហ្សឺណែវនោះដែរ សម្តេច​តេ​ជោ​នា​យករដ្ឋ មន្រ្តី នឹងជួប​សន្ទនា​ការ​ងារដាច់ដោយឡែកៗពីគ្នាជាមួយលោកបណ្ឌិត រតនាការ អា​ឌីការី (Ratanakar Adhika​ri)​ នាយកប្រតិបត្តិ នៃក្របខ័ណ្ឌពង្រឹង​សមា​ហ​រណកម្ម​ពាណិជ្ជ​កម្ម ឯកឧត្តម វិល ស្គិនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិ​បត្តិការ​អភិ​វឌ្ឍន៍ និងពាណិជ្ជ​កម្ម​អន្តរជាតិ នៃប្រ​ទេសហ្វាំងឡង់ លោកជំទាវ មិឆែល បាឆេឡេ (Michelle Bachelet) ឧត្តម​ស្ន​ង ការអង្គការសហប្រជាជាតិ ទទួល​​បន្ទុកសិទ្ធិមនុស្ស និងជួបសន្ទនា​ជាមួយ​ក្រុមហ៊ុនធំ​ៗចំ​នួ​ន​៦​របស់ស៊្វីស មុននឹងជួបសំ​ណេះ​សំណាលជាមួយនឹងតំណាងសហគមន៍​ប្រជាពលរដ្ឋ សិ​ស្ស​ និស្សិតខ្មែរ ប្រមាណ​៧០០នាក់ រស់​នៅ​សហព័ន្ធស៊្វីស និងមកពីប្រទេសមួយចំនួនរបស់ស​ហ​​ភាព​អឺរ៉ុប។

គួរបញ្ជាក់ដែរថា នៅសណ្ឋាគារហ្រ្គេន ខេមភីនស្គី យេនីវ៉ា ដែលជាទីកន្លែង​ស្នាក់​អា​ស្រ័​​យបំពេញការ​ងាររបស់សម្តេចតេជោនៅទីក្រុងហ្សឺណែវ វត្តមាននៃការអញ្ជើញដល់របស់​សម្តេច និងគណៈ​ប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពី​សំ​ណាក់សហគមន៍​ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ រស់នៅសហព័ន្ធស៊្វីស និងនៅសហភាព​អឺ​រ៉ុ​ប​ជាច្រើនរូប។ ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរទាំងអស់បានសម្ដែ​ងនូវការគោរពស្រឡាញ់ និង​ការនឹករលឹកយ៉ាងពន់ពេក ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹក​នាំដ៏ឆ្នើ​ម​បំ​ផុតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចំណាយនូវបញ្ញាញាណ កម្លាំងកាយ ថា​ម​​ពល និង ពេលវេលាជាងពាក់កណ្តាលជីវិតរបស់សម្តេច ក្នុងការបម្រើជាតិ សាសនា ព្រះម​ហា​ក្សត្រ។ ពិសេសការបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់បំផុត ក្នុងការពារយ៉ាងប្តូរផ្តាច់រាល់​ការរំ​លោ​ភបំពាន​នានា ពីសំណាក់បរទេសមកលើបូរណភាពទឹកដី អធិបតេយ្យជាតិ ឯកភាពជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយៈ​ពេលជាង​ ២ទ​ស​វត្សរ៍​​​ចុង​ក្រោយនេះ បន្ទាប់ពីការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយក​រដ្ឋ​មន្រ្តី ជាប្រមុខដឹកនាំដ៏ឆ្នើមនៅកម្ពុជា ៕

ដោយ ជឹម ណារី