សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស អញ្ជើញចូលរួម​កិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង គណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៧និង៤៥នាទី ម៉ោងនៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស ត្រូវនឹងម៉ោង២២និង៤៥នាទី ម៉ោងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី​ចំណាយពេលនៃការហោះហើរប្រមាណ ១៤ម៉ោងរួចមក។

តាមសេចក្តីរាយការណ៍របស់
អ្នករាយការណ៍ព័ត៌មានពិសេសរបស់ អគ្គនាយកដ្ឋាន ទទូរទស្សន៍ជាតិកម្ពុជាឲឲ្យដឹងថា
នៅអាកាសយានដ្ឋានអន្តរជាតិហ្សឺណែវ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណះប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់ថ្នាក់ដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក ថ្នាក់ដឹកនាំរដ្ឋាភិបាលស្វីស ឯកឧត្តម ណី សំអុល ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធស្វីស និងជាតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំ​មន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ប្រចាំទីក្រុងហ្សឺណែវ ឯកឧត្តម ថៃ ប៊ុនថន ឯកអគ្គរាជទូតតំណាងអចិន្រៃ្តយ៍ របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភព​លោក ព្រមទាំងអស់លោក លោកស្រី ជាឥស្សរជន​ការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​សហព័ន្ធស្វីស និងប្រចាំអង្គការពិណិជ្ជកម្មពិភពលោកជាច្រើនរូប។ វត្តមានរបស់សម្តេច​តេ​ជោ​នាយក​រដ្ឋមន្រ្តី ទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ ​ជា​សកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ នឹង​ប្រារព្វធ្វើ​ឡើង​​នៅ​ថ្ងៃទី​៣ និងទី៤កក្កដា។ សម្តេចតេជោនាយករដ្ឋមន្រ្តី គឺជាភ្ញៀវពិសេសរបស់ឯកឧត្តម រ៉ូប៊ែតូ អា​ហ្សេ​វ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ សម្តេចតេជោនឹង​អញ្ជើញ​ថ្លែង​សុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្តីពី​ជំនួយសម្រាប់​ពាណិជ្ជ​កម្ម ក្រោមប្រធានបទ ការគាំទ្រដល់ការធ្វើពិពិធកម្ម និងការផ្តល់អំណាច​សេដ្ឋកិច្ចប្រកប​ដោយបរិយា​ប័ន្ន និងចីរភាព តាមរយះជំនួយសម្រាប់ពាណិជកម្ម ដើម្បីចែក​រំលែក​បទពិសោធន៍​របស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយពាណិជ្ជកម្ម និងជោគជ័យនៃ​ការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច ក្រោយពេលដែលកម្ពុជាក្លាយជាសមាជិក នៃអង្គការពាណិជ្ជកម្ម​ពិភពលោក កាលពី​ឆ្នាំ​២០០៤ ព្រម​ទាំងតួនាទីរបស់កម្ពុជាបច្ចុប្បន្ន និងទៅអនាគត ក្នុងការ​ទ្រទ្រង់​ប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគី និងការបន្តរក្សាមាគ៌ាសេរីភាវូបនីយកម្មជាសកល នៅទីស្នាក់​ការកណ្តាលអង្គការ​ពាណិជ្ជ​កម្មពិភពលោក​។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹង​អញ្ជើញថ្លែងសុន្ទរកថា​គន្លឹះចំនួន២ទៀត ក្នុង​នោះទី១ ថ្លែងក្នុងព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទី​ស្នាក់ការអង្គការ​ពាណិជ្ជ​កម្មពិភពលោក និង​ទី២ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា​សិទ្ធ​មនុស្ស អង្គការ​សហប្រជាជាតិលើកទី៤១​។ ក្នុងឱកាសនៃការស្នាក់អាស្រ័យ នៅទីក្រុងហ្សឺណែវនោះដែរ សម្តេច​តេជោនាយករដ្ឋមន្រ្តី នឹងជួប​សន្ទនា​ការ​ងារដាច់ដោយឡែកៗពីគ្នា ជាមួយលោកបណ្ឌិត រតនាការ អាឌីការី (Ratanakar Adhika​ri)​នាយកប្រតិបត្តិ នៃក្របខណ្ឌពង្រឹង​សមា​ហ​រណកម្ម​ពាណិជ្ជ​កម្ម ឯកឧត្តម វិល ស្គិនណារី (Ville Skinnari) រដ្ឋមន្រ្តីសហប្រតិ​បត្តិការ​អភិ​វឌ្ឍន៍ និងពាណិជ្ជ​កម្មអន្តរជាតិ នៃប្រ​ទេសហ្វាំងឡង់ លោកជំទាវ មិឆែល បាឆេឡេ (Michelle Bachelet) ឧត្តម​ស្នងការអង្គការសហប្រជាជាតិ ទទួល​​បន្ទុកសិទ្ធមនុស្ស និងជួបសន្ទនា​ជាមួយ​ក្រុមហ៊ុនធំៗចំនួន​៦​របស់ស្វីស មុននឹងជួបសំ​ណេះ​សំណាលជាមួយ នឹងតំណាងសហគមន៍​ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ប្រមាណ​៧០០នាក់ រស់​នៅ​សហព័ន្ធស្វីស និងមកពីប្រទេសមួយចំនួនរបស់ សហ​ភាព​អឺរ៉ុប។ សូមបញ្ជាក់ដែរថា នៅសណ្ឋាគារហ្រ្គេន ខេមភីនស្គី យេនីវ៉ា ដែលជាទីកន្លែង​ស្នាក់​អាស្រ័យបំពេញការ​ងារ របស់សម្តេចតេជោនៅទីក្រុងហ្សឺណែវ វត្តមាននៃការអញ្ជើញដល់ របស់​សម្តេចនិងគណះ​ប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់ ពីសំណាក់សហគមន៍​ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ រស់នៅសហព័ន្ធស្វីស និងនៅសហភាព​អឺរ៉ុប​ជាច្រើនរូប។ ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរទាំងអស់ បានសំដែងនូវការគោរពស្រឡាញ់ និងការនឹករលឹកយ៉ាងពន់ពេក ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមបំផុត របស់ព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានចំណាយនូវបញ្ញាញាណ កម្លាំងកាយ ថាមពល និង ពេលវេលាជាងពាក់កណ្តាលជីវិតរបស់សម្តេច ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ ពិ សេសការបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់បំផុត ក្នុងការពារយ៉ាងប្តូរផ្តាច់រាល់ការរំលោភបំពាន​នានា ពីសំណាក់បរទេសមកលើបូរណភាពទឹកដី អធិបតេយ្យជាតិ ឯកភាពជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងរយះពេលជាង២ទសវត្សចុងក្រោយនេះ បន្ទាប់ពីការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីជាប្រមុខ ដឹកនាំ ដ៏ឆ្នើមនៅកម្ពុជា។ សូមបញ្ជាក់ដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តីបានចំណាយពេលប្រមាណ ៣០នាទី ក្នុងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធបំផុត ជាមួយប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ ដែលមានវត្តមានទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងឱកាសដ៏វិសេសវិសាលបំផុត នោះ។ នៅក្នុងវត្តមានដ៏កម្រនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថតសែលហ្វីជាមួយប្រជា ពលរដ្ឋ សិស្ស និស្សិតខ្មែរទាំងអស់ ក្នុងមោទនភាពជាតិខ្មែរ ដែលថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋគឺ ជា កូនចៅតែមួយ។