ក្រសួងធនធានទឹកឲ្យពលរដ្ឋតាមខេត្តប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ,ខ្យល់កន្ត្រាក់ ក្នុងរយៈពេលមួយសប្តាហ៍នេះ

វិទ្យុជាតិកម្ពុជា:ហាន់ ស្រីណា
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមណែនាំឲ្យប្រជាពលរដ្ឋពលរដ្ឋតាមខេត្តពិសេសតំបន់មាត់សមុទ្រត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ,ខ្យល់កន្ត្រាក់ និងរកសមុទ្រខ្លំាងៗក្នុងរយៈពេលមួយសប្តាហ៍នេះ ដើម្បីការពារកុំអោយរងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុពីបាតុភូតនេះ។
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាស នៅថ្ងៃទី០២ ខែកក្កដានេះថា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨ ខែកក្កដានេះ កម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឹនដែលធ្វើអោយមានបាតុភូត ផ្គរ រន្ទះ,ខ្យល់កន្ត្រាក់ និងបន្តកើតមានរលកសមុទ្រខ្លាំងៗដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
ការប្រកាសឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នដូច្នេះបន្ទាប់ពីក្រសួងបានព្យាករថា កម្ពុជាកំពុងទទួលនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ក្នុងទឹកដីប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់នឹងវិសម្ពាធ ដែលទើបនឹងកើតឡើង នៅខាងកើតកោះហៃណាំហើយឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងឥទ្ធិពលហ្វឹន (Foehn) ដែលមានល្បឿនពី៧ទៅ១០ម៉ែត្រក្នុងមួយវិនាទីកើតមាននៅភាគខាងក្រោមប្រទេសផងដែរ ។
ក្រសួងបានឲ្យដឹងទៀតថាតាមរយៈឥទ្ធិពលនេះក៏បានធ្វើឲ្យទឹកទន្លេមេគង្គងើបឡើងបន្តិចហើយបណ្តាលឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់ពីតិចទៅមធ្យមជាពិសេសនៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ក្នុងកម្រិតពីបង្គួរទៅច្រើនធ្វើឲ្យខ្យល់លើផ្ទៃសមុទ្រនិងរលកមានកម្រិតខ្លាំង៕