ប្រជាពលរដ្ឋដែលទទួលបានដីសង្គមកិច្ចនៅឃុំទីពោបានប្រែក្លាយជីវភាពកាន់តែល្អប្រសើរ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
កំពង់ធំ ៖ប្រជាពលរដ្ឋដែលជាសម្បទានិកទទួលបានដីសង្គមកិច្ចពីរាជរដ្ឋាភិបាលតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី ២ហៅកាត់ថាឡាហ្សិត២នៅឃុំទីពោបានឱ្យដឹងថា ជីវភាពរបស់ពួកគេបានប្រែក្លាយកាន់តែប្រសើរ ឡើងបន្ទាប់ពីទទួលបានដីសាងសង់ផ្ទះសម្បែងនិងដីកសិកម្មសម្រាប់អនុវត្តការដាំដុះដំណាំដំឡូងមីសរីរាង្គ និងស្វាយចន្ទី។

អ្នកស្រី ហៀង ថាង ជាសម្បទានិក រស់នៅភូមិអូរធំ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំបានអោយដឹងថាក្រោយពីអ្នកស្រីចាប់ផ្តើមការ​ដាំដំណាំដំឡូងមីសេរីរាង្គដែលអនុវត្តលើផ្ទៃដីចំនួន២ហិកតា រយៈពេល២ឆ្នាំមកនេះ បានធ្វើឲ្យជីវភាពរបស់ពួកគាត់កាន់តែធូរធា ដោយក្នុងមួយឆ្នាំៗអាចរកចំណូលបានចន្លោះពីជាង ៧លានរៀល ទៅ៩លានរៀល។

អ្នកស្រីបន្តថា ការអនុវត្តបច្ចេកទេសដាំដំណាំដំឡូមីសេរីរាង្គតាមគោលការបច្ចេកទេសនេះ គឺមានតម្រូវការទីផ្សារហើយ​បានតម្លៃខ្ពស់ ដោយឈ្នួញចុះមកទិញដល់ទីកន្លែងមិនលំបាកដឹកជញ្ជូនទៅលក់ឡើយ។
សំលេង៖«ជីវភាពខ្ញុំប្រសើរល្អខ្លាំងមែនទែន កាលពីនៅភូមិចាស់ខ្ញុំមិនមានលទ្ធភាពរកថវិកាចូលបាននោះទេ។ មានតែដើរស៊ីឈ្នួលគេ បើមិនទៅស៊ីឈ្នួលគេក៏អត់មានអីបរិភោគទេ ហើយពេលមកដល់នេះមានខាងមន្ត្​​រីជំនាញចុះណែនាំឲ្យដាំដំឡូងមីសរីរាង្គ បានធ្វើឲ្យគ្រួសារខ្ញុំមានជីវភាពរាងធូរធា មានលុយចាយមាន​អង្ករហូបនិងបានបញ្ជូនកូនទៅរៀនថែមទៀត»។

លោក ណាវ រ៉ា តំណាងការិយាល័យកសិកម្មស្រុកសន្ទុក បានមានប្រសាសន៍ថា ការដាំដំឡូងមីសរីរាង្គនេះ បន្ទាប់ពីមន្ត្រីជំនាញខាងមន្ទីរកសិកម្មបានចុះបង្រៀនពីបច្ចេកទេសដាំដុះ នឹងការប្រើប្រាស់ជី ឱ្យទទួលបានទិន្នផលល្អ ហើយការដាំដុះជាលក្ខណៈធម្មជាតិនេះ វាបានធ្វើឲ្យមានទីផ្សារខ្ពស់ មានឈ្មួញចុះមកទទួលទិញដល់ទីកន្លែងតែម្ដង ។
លោកបានបញ្ជាក់ថា សម្បទានិកដែលទទួលបានដីកសិកម្មនៅក្នុងឃុំទីពោនេះ ស្ទើរ១០០ ភាគរយ បានដាំដុះដំណាំដំឡូងមីសរីរាង្គនៅលើផ្ទៃដីរបស់ខ្លួន រួមជាមួយនឹងដំណាំស្វាយចន្ទី ដើម្បីស្តារជីវភាពរបស់ខ្លួនឲ្យកាន់តែល្អប្រសើរឡើង។

សំលេង ៖ «នៅក្នុងគម្រោងនេះមន្ទីរកសិកម្មយើង បានចុះបង្រៀនកសិករពីការងារនៅភូមិទាំងបីនេះហើយ​​ដំឡូង​មីគឺយើង​មានចងក្រង​​ជាដំឡូងមីសរីរាង្គគឺមានការចុះកុងត្រាជាមួយឈ្មួញគេចុះមកទិញដោយផ្ទាល់» ។

សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី ២នេះ បានចែកប័ណ្ណកម្មសិទ្ធិអចលន​​ទ្រព្យជូនប្រជាពលរដ្ឋក្រីក្រ រស់នៅក្នុងឃុំទីពោ ស្រុក សន្ទុក ចំនួន៧៧៦គ្រួសារស្មើនឹង១៣៥១ប័ណ្​​ណដោយក្នុង​​១គ្រួសារៗ​​ទទួល​បានដីលំនៅឋានទំហំ៣០ម៉ែត្រគុណនឹង៤០ម៉ែត្រ និងដីកសិកម្មទំហំ២ហិកតា សម្រាប់ដាំដុះដំណាំកសិកម្ម៕