អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាសំខាន់ដែលតំរូវឲ្យគ្រប់ភាគីពាក់ពន្ធ័រួមគ្នាដោះស្រាយ

វិទ្យុជាតិកម្ពុជា៖ ដោយផន វាសនា

ភ្នំពេញ៖  ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គោលជំហរនិងឆន្ទៈរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងប្ដូរផ្ដាច់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីថែរក្សា ការពារ សុខសន្តិភាព និងសេ្ថរភាពក្នុងតំបន់ ធ្វើឲ្យសហគមន៍គ្មានគ្រឿងញៀន។

ឯកឧត្តម បន្តថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នាពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព និងគ្រប់ដៃគូពាក់ព័ន្ធនានា រៀបចំចាត់ចែងយន្តការដឹកនាំឲ្យបានហ្មត់ ចត់ និងច្បាស់លាស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីទប់ស្កាត់ការផ្គត់ផ្គង់គ្រឿងញៀននៅក្នុងមូលដ្ឋាន។ជាមួយគ្នានេះទាំងការងារផ្សព្វផ្សាយអប់រំ ការងារព្យាបាល ស្ដារនីតិសម្បទា និងការអនុវត្តច្បាប់ត្រូវតែបានអនុវត្តព្រមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមកនៅថ្នាក់មូលដ្ឋានតែម្ដង ពុំចាំសុំកិច្ចអន្តរាគមន៍ពីថ្នាក់លើនោះទេ ទើបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានជោគជ័យ។ ក្នុងឱកាសអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០១៩ ដែលរៀបចំឡើងនៅខេត្តព្រះសីហនុ នៅថ្ងៃទី២ ខែកក្កដា ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ប្រធានបទដែលយើងលើកយកមកសម្រាប់ឆ្នាំនេះ គឺ “សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព” ក្នុងគោលបំណងឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវ ការចាំបាច់ប្រកបដោយតម្លាភាពនៃការចូលរួមគាំទ្រទៅវិញទៅមករវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នាដោះស្រាយបញ្ហាស្មុគស្មាញ ។ឯកឧត្តម បញ្ជាក់ថា ការប្រារព្ធទិវាជាតិរបស់យើងផ្សារភ្ជាប់ ជាមួយនឹងពាក្យស្លោក “ចូលរួមលុបបំបាត់គ្រឿងញៀន ដើម្បីអនាគតកូនចៅរបស់យើង” ក្នុងគោលបំណងបន្តពង្រឹងការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋានឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀតដើម្បីសម្រេចបាននូវសមិទ្ធផលជោគជ័យថ្មីៗនៅពេលខាងមុខ ។ តាមរបាយការណ៍របស់ លោក គង់ វិតាណ: អភិបាលរង ខេត្តព្រះសីហនុ និងជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា លទ្ធផលបង្ក្រាបគ្រឿងញៀនក្នុងយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿង ញៀនសរុបចំនួន ២០៥ ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៤១២នាក់ ស្រី ៥២នាក់ ។ វត្ថុតាងដកហូតមាន ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ ICE ចំនួន ៣៣២កញ្ចប់ ទម្ងន់ស្មើ ១.៣៧៦.១៣ក្រាម ម្សៅសថ្លាចំនួន ៩៥កញ្ចប់ ទម្ងន់ ២.៩៤៦.៣១ក្រាម ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ១១កញ្ចប់ទម្ងន់ ១០៦.៨ ក្រាម ថ្នាំគ្រាប់កេតាមីន ១៥កញ្ចប់ ១១៣.៧៤ក្រាម កញ្ញាក្រៀមចំនួន ២កញ្ចប់ ទម្ងន់ ៣៧២.០៩ក្រាម នូវប្រភេទថ្នាំញៀនផ្សេងៗមួយចំនួនទៀតនិងវត្ថុតាងជាសម្ភារៈនិងនយោបាយមួយចំនួនធំទៀតដែលប្រមូលបានក្នុងកិច្ចយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣។ សូមបញ្ជាក់ថា មណ្ឌលបន្សាបគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចាប់បើកទទួលអ្នកញឿងគ្រឿងញៀននៅឆ្នាំ២០០៨ ។បច្ចុប្បន្ន មណ្ឌលនេះ មានយុវជនចូលមកទទួលសេវាព្យាបាល បន្សាប ស្ថានីតិសម្បទាបានចំនួន ៧០៥ នាក់ បានសមាហរណកម្ម ទៅរស់នៅជាមួយក្រុមគ្រួសារចំនួន ៦១៥នាក់ និង កំពុងព្យាបាលចំនួន ៩០នាក់៕