ក្រសួងពាណិជ្ជកម្មអំពាវនាវដល់អាជីវករកម្ពុជាទៅចូលរួមពិព័រណ៍ទំនិញនៅប្រទេសឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា៖ អត្ថបទ យី វិច្ឆិកា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មអំពាវនាវដល់អាជីវករកម្ពុជាទៅចូលរួមពិព័រណ៍ទំនិញនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញការនាំចេញ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងប្រទេសក្នុងសហគមន៍អាស៊ាន និងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ និងលើពិភពលោក ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី២ ខែ កក្កដា បានឲ្យដឹងថា ពិព័រណ៍ផលិតផលគុណភាពខ្ពស់នេះ នឹងប្រព្រឹត្តទៅនាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូននេស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០១៩ ។
ក្រសួងពាណិជ្ជកម្ម បានបន្តថា ពាណិជ្ជករ អាជីវករ ដែលជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសទាំងអស់ ដែលមានចំណាប់អារម្មណ៍ និងបំណងទៅចូលរួមផ្សព្វផ្សាយពីផលិតផល ឫសេវាកម្ម ឫមានគ្រមោងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍នេះ អាចធ្វើការទំនាក់ទំនង និងបំពេញបែបបទ នៅនាយកដ្ឋានកិច្ចការពិព័រណ៍នៃអគ្គនាយដ្ឋាន ក្រសួងពាណិជ្ជកម្ម ដោយភ្ជាប់ជាមួយនូវពាក្យសុំចូលរួម និងឯកសារពាក់ព័ន្ធផ្សេងទៀត ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ ថ្ងៃទី៦ ខែតុលា៕