របាយការណ៍៖ លោក Trump និយាយថា សហរដ្ឋអាមេរិកនឹងរក្សាវត្តមាន ​ក្រុមស៊ើបការសម្ងាត់ដ៍រឹងមាំ​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០១៩ — ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅក្នុងបទ​សម្ភាសន៍មួយជាមួយសារព័ត៌មាន Fox News ដែលបានផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីង​តោននឹងបន្សល់ទុកនូវវត្តមានស៊ើបការណ៍សម្ងាត់ដ៏រឹងមាំមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបើទោះបីជាកងទ័ពអាម៉េរិកបានចាកចេញដោយដាក់ឈ្មោះប្រទេសមួយនេះថា ជា  « Harvard សម្រាប់ក្រុមភេរវជន » ។

លោក Trump បានថ្លែងថា «យើងនឹងរក្សាទុកក្រុមស៊ើបការសម្ងាត់យ៉ាងរឹងមាំ​នៅទី​នោះ ជាជាងអ្វីដែលអ្នកគិតធម្មតាៗ…  វាហាក់ដូចជាបន្ទប់ពិសោធន៍មួយសម្រាប់ភេរវករ … ដោយខ្ញុំហៅវាថា ជា « Harvard សម្រាប់ក្រុមភេរវជន » ។

ព័ត៌មាននេះបានកើតឡើងចំពេលដែលកិច្ចចរចាសន្តិភាពតាលីបង់-អាម៉េរិក កំពុងបន្ត​ចូល​ដល់​ថ្ងៃទីបីរបស់ពួកគេ នៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា ។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនស្វែងរកកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែល​រួម​បញ្ចូលទាំងបទឈប់បាញ់គ្នាជាអចិន្រ្តៃយ៍ និងកិច្ចចរចានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ពួកតាលីបង់បាននិយាយថា ពួកគេមិនចង់ពិភាក្សាអំពីកិច្ចចរចាគ្នាពីផ្ទៃក្នុងអាហ្វហ្គានីស្ថាន និងបទឈប់បាញ់គ្នាជាមួយសហរដ្ឋអាមេរិកនោះទេ។

ពួកតាលីបាន និងសហរដ្ឋអាមេរិកកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀង​សន្តិភាព​មួយដែលនឹងរាប់បញ្ចូលទាំងការដកកងទ័ពបរទេសពីអាហ្វហ្គានីស្ថាន នឹងការធានាពីពួក​តា​លី​បង់ដែលថា ​ប្រទេសនេះ នឹងមិនត្រូវបានប្រើជាកន្លែងសុវត្ថិភាព​សម្រាប់ក្រុមភេរវជនទេ។

ទន្ទឹមនឹងនេះដែរបេសកកម្មគាំទ្រការដោះស្រាយរបស់ណាតូ(NATO) ដែលមានបំណងផ្តល់​ការ បណ្តុះបណ្តាល និងជំនួយដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ដែលបន្តប្រយុទ្ធ​ប្រឆាំងក្រុមឧទ្ទាម នឹងភេរវករដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ ដោយបន្តគាំ​ទ្រដល់​ទីក្រុង​កាប៊ុល។

បុគ្គលិកយោធាប្រហែល ១៧.០០០នាក់ មកពីប្រទេសជាសមាជិកណាតូចំនួន ៣៩ កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានធ្វើជាផ្នែកមួយនៃបេសកកម្មនេះ។

កាលពីខែមិថុនា កន្លងទៅនេះ លោក Trump បានសន្យាក្នុងបទសម្ភាសន៍មួយជាមួយ​ទស្សនាវដ្តី Time ថា​ សហរដ្ឋអាមេរិកនឹងមើលឃើញការបំពេញបេសកកម្មកងទ័ពរបស់ខ្លួន​នៅ​អាហ្វហ្កានីស្ថានឱ្យបានចំនួនដល់ពាក់កណ្តាលនូវទាហានប្រមាណ៨ពាន់នាក់។

ប្រទេសអាហ្វហ្គានីស្ថានបានទទួលរងនូវអស្ថេរភាពខាងសន្តិសុខ។ រដ្ឋាភិបាលបាន​នឹង​កំពុង​ប្រយុទ្ធប្រឆាំងនឹងពួកតាលីបង់ ដែលបានធ្វើសង្គ្រាមប្រឆាំងនឹងទីក្រុងកាប៊ុលអស់​រយៈ​ពេល​ជិតពីរទសវត្សរ៍មកហើយ​មានដូចជាក្រុមភេរវជនDaeshដែលត្រូវបានគេរាយ​ការណ៍ថា​ កំពុងប្រតិបត្តិការនៅអាហ្វហ្គានីស្ថានតាំងពីឆ្នាំ២០១៥មក ។

ពួកតាលីបង់(Taliban) និងDaesh (IS, ISIS, ISIL) គឺជាក្រុមភេរវករដែលគេបានហាម​ ​ប្រាមនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសជាច្រើនទៀត៕

( ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល  )