លោកTrump និយាយថា គាត់ទន្ទឹងរង់ចាំដើម្បីជួបលោក Kim  ម្តងទៀតនាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០១៩ — ប្រធានាធិបតីអាម៉េរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា គាត់ទន្ទឹង​រង់ចាំជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន ម្តងទៀត បន្ទាប់ពីកិច្ចប្រជុំដ៏ភ្ញាក់ផ្អើលមួយរបស់ពួកគេនៅព្រំដែនអន្តរកូរ៉េ មួយថ្ងៃមុននេះ។

លោក Trump បានវិលត្រឡប់ទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនវិញ កាលពីថ្ងៃអាទិត្យ​ក្រោយ​ពីបានបង្កើតប្រវត្តិសាស្ត្រជាប្រធានាធិបតីអាម៉េរិកដំបូង ដែលបានដាក់ជើងជាន់នៅទឹកដីកូរ៉េ​ខាងជើង។

មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នា ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ ដែលបានធ្វើ​ឡើង​នៅក្នុងតំបន់គ្មានយោធា ដើម្បីបន្តកិច្ចចរចារអំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក Trump បាននិយាយថា «វាគឺជាការអស្ចារ្យណាស់ដែលបានជួបជាមួយលោក Kim Jong Un មេដឹកនាំកូរ៉េខាងជើងកាលពីចុងសប្តាហ៍នេះ »។ យើងបានធ្វើកិច្ចប្រជុំដ៏អស្ចារ្យ​មួយ ដោយលោកបានមើលទៅឃើញថា ពិតជាល្អ និងមានផាសុកភាព ហើយខ្ញុំទន្ទឹងចាំជួប​គាត់​ម្តងទៀតនាពេលឆាប់ៗនេះ។

លោកបានបន្ថែមថា ទន្ទឹមនឹងនេះ ក្រុមរបស់យើងនឹងជួបប្រជុំគ្នា ដើម្បីធ្វើការងារលើ​ដំណោះស្រាយ​មួយចំនួនចំពោះបញ្ហាជាប់លាប់ និងយូរអង្វែង។

លោកបាននិយាយបន្ថែមថា មិនប្រញាប់ពេកទេ ប៉ុន្តែខ្ញុំប្រាកដណាស់ថា យើងនឹង​ទៅដល់ទីបញ្ចប់! ដោយនិយាយថា វាគឺជាការអស្ចារ្យណាស់ ជាមួយលោក Kim Jong Un​មេដឹកនាំ​កូរ៉េខាងជើងកាលពីចុង      សប្តាហ៍នេះ។

លោក Trump និងលោក គីម បានជួបគ្នាបីដងរួចមកហើយ ដើម្បីចរចាគ្នាពីការកាត់​បន្ថយ​​កម្មវិធី​នុយ​​ក្លេអ៊ែរ​របស់កូរ៉េខាងជើង ជាថ្នូរនឹងការធានាសន្តិសុខ នឹងការដាក់ទណ្ឌកម្ម​របស់សហរដ្ឋអាមេរិក។

កាលពីថ្ងៃចន្ទលោក Trump បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតីកូរ៉េ​ខាង​ត្បូង Moon Jae-in ក្នុងការធ្វើជាម្ចាស់ផ្ទះនៅទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោកបានថ្លែងថា សូមអរគុណដល់ប្រធានាធិបតី លោក Moon នៃប្រទេសកូរ៉េ​ខាង​ត្បូង​ដែលបានធ្វើជាម្ចាស់ផ្ទះនៃគណៈប្រតិភូអាម៉េរិក ហើយនិងខ្ញុំភ្លាមៗ​ បន្ទាប់ពីការទទួល​បាននូវភាពជោគជ័យសម្រាប់ក្រុមប្រទេស G20 នៅប្រទេសជប៉ុន។ នៅទីនោះ វាល្អណាស់​ក្នុងការអំពាវនាវឱ្យលោកប្រធាន គីម របស់     កូរ៉េខាងជើងជួបប្រជុំគ្នាបានយ៉ាងល្អ។ រឿងល្អៗ ​អាចកើតមានឡើងសម្រាប់ទាំងអស់គ្នា! ។

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )