នាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីជប៉ុនជួបសន្ទនាគ្នា

AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា  ឆ្នាំ២០១៩ — នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាគ្នាជាមួយ​នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃទី១ ខែកក្កដា ធ្វើជាផ្នែកមួយនៃវត្តមាន​របស់​លោក​ក្នុងកិច្ចប្រជុំកំពូល G20 និងទស្សនកិច្ចនៅប្រទេសជប៉ុន។

នាយករដ្ឋមន្ត្រីវៀតណាមលោក Phuc បានអបអរសាទរប្រជាជនជប៉ុនចំពោះ​ព្រឹត្តិការណ៍​ដ៏អស្ចារ្យនៃអធិរាជជប៉ុនព្រះអង្គម្ចាស់ Naruhito ឡើងគ្រងរាជបល្ល័ង្ក និងការរៀប​ចំ​ប្រកបដោយជោគជ័យនៃកិច្ចប្រជុំកំពូល G20 លើកទី១៤នៅទីក្រុងអូសាកា។

លោកបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនថា ជាដៃគូសំខាន់មួយយូរ​អង្វែង និងអាចទុកចិត្តបាន។ សម្រាប់ជាផ្នែកមួយរបស់លោកវិញ នាយករដ្ឋមន្ត្រីជប៉ុនលោក Abe បានវាយតម្លៃខ្ពស់​ពីតួនាទី ភារកិច្ច  និងសមិទ្ធផលពីខាងក្រៅតាំងអតីតកាល ក៏ដូចជាគំនិតផ្តួចផ្តើម នឹងការចូល​រួម​យ៉ាងសកម្មរបស់ខ្លួននៅក្នុងកិច្ចប្រជុំកំពូល G20 ។

លោកបានពិពណ៌នាអំពីសហគមន៍វៀតណាមនៅបរទេសដែលមានចំនួនជាង ៣៣០.០០០នាក់ នៅក្នុងប្រទេសជប៉ុនថា ជា «ទ្រព្យសម្បត្តិរួមគ្នាដ៏មានតម្លៃ » នៃទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Phuc បានស្នើសុំឱ្យរដ្ឋាភិបាលជប៉ុនបង្កើតលក្ខខណ្ឌ​អំណោយផលបន្ថែមទៀត សម្រាប់ជនជាតិវៀតណាមដើម្បីរស់នៅ ការសិក្សា នឹងធ្វើការងារ​នៅក្នុងប្រទេសជាម្ចាស់ផ្ទះនេះ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនង​រវាងវៀត​ណាម និងជប៉ុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ​មួយចំនួន​ក្នុងវិស័យថែទាំសុខភាព ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងហិរញ្ញវត្ថុ នៅមុនពេល​កិច្ចចរចារបស់ពួកគេ។ ពួកគេបានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយទ្វេភាគី ដោយរក្សា​បាន​នូវការធ្វើទស្សនកិច្ចថ្នាក់ខ្ពស់។

លោក Phuc បានអញ្ជើញសមភាគីជប៉ុនរបស់លោក ទៅធ្វើទស្សនកិច្ចនៅ​វៀតណាម នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០២០ នៅពេលដែលវៀតណាមនឹងដើរតួនាទី​ជា​ប្រធានអាស៊ាន។ លោក អាបេ ទទួលយកការអញ្ជើញនេះ ដោយក្ដីរីករាយ។

មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិ​សន្តិសុខ និងការសម្របសម្រួលនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ៕

( ប្រភព VNA: បកប្រែដោយលោក មាស សំអុល  )