រាជរដ្ឋាភិបាលសម្រេចបង្កើតអនុវិទ្យាល័យនៅក្នុងតំបន់អភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចឃុំទីពោ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហុក សុខរិន៖ រាជរដ្ឋាភិបាលតាមរយៈគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី២ដែលហៅកាត់ថាឡាហ្សិតជំហាន២សម្រេចបង្កើតអនុវិទ្យាល័យនៅក្នុងតំបន់អភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ចឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជួយសម្រាលការលំបាកដល់សិស្សានុសិស្សនៅក្នុងសហគមន៍នេះដែលត្រូវ ទៅរៀនឆា្ងយ។


អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន លំនៅដ្ឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងឡាហ្សិតជំហាន២បានឲ្យដឹងថា តាមរយៈសំណើ អន្តរាគមន៍របស់គម្រោង មកដល់ពេលនេះក្រសួងអប់រំ យុវជន និងកីឡាបាន សម្រេចជាផ្លូវការ ហើយក្នុងការផ្តល់អគារសិក្សាមួយខ្នងមាន៥បន្ទប់ ដើម្បីបង្កើតជាអនុវិទ្យា ល័យថ្មីនៅក្នុងតំបន់ ដីសម្បទានសង្គមកិច្ចនៅឃុំទីពោ។


លោកបណ្ឌិតបានបញ្ជាក់ថា ការសាងសង់អនុវិទ្យាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចូលរួមកាត់បន្ថយអត្រាបោះបង់ចោលការសិក្សារបស់សិស្សានុសិស្សនៅតំបន់នេះ នៅពេលពួកគេ បញ្ចប់ថ្នាក់បឋមសិក្សានឹងត្រូវចូលរៀននៅថ្នាក់អនុវិទ្យាល័យ ដោយសារតែអនុវិទ្យាល័យដែលពួកគេត្រូវទៅរៀនមានចំងាយ ឆ្ងាយពីសហគមន៍របស់ខ្លួន។
សម្លេង«យើងបានផ្តល់ដីជូនគាត់នៅទីពោ១ទីពោ២ និងផ្តល់ប័ណ្ណកាន់កម្មដីជូនគាត់យើងបាន សាងសង់សាលារៀនជូនគាត់កម្រិតបឋមសិក្សា ប៉ុន្តែក្រោយពី៥ឆ្នាំមកកូនចៅរបស់គាត់ត្រូវ ឡើងថ្នាក់រហូតដល់កម្រិតអនុវិទ្យាល័យ អញ្ចឹងបើយើងបណ្តែតបណ្តោយអោយពួកគាត់ធ្វើ ដំណើរក្នុងចំងាយពី១៧គីឡូម៉ែត្រទៅ២០គីឡូម៉ែត្រ ជាការមួយលំបាកសម្រាប់ពួកគាត់។ អញ្ចឹងគម្រោងបានធ្វើអន្តរាគមន៍ស្នើទៅក្រសួងអប់រំដើម្បីសាងសង់អនុវិទ្យាល័យនេះ»។
លោកឡុង វលក្ខណ៍ នាយកសាលាបឋមសិក្សាអូរធំ ស្ថិតក្នុងឃុំទីពោបានឲ្យដឹងថា គម្រោងសាងសង់អនុវិទ្យាល័យនេះ គ្រោងធ្វើឡើងនៅក្នុងឆ្នាំនេះស្ថិតក្នុងបរិវេណសាលាបឋម សិក្សាអូរធំតែម្តង។ លោកបានបញ្ជាក់ថា លោកបានជួយប្រជុំជាមួយក្រុមគណៈកម្មការសាង សង់ថ្នាក់ខេត្តរួចរាល់ហើយ ហើយគម្រោងសាងសង់នេះបានផ្តល់អត្ថប្រយោជន៍ច្រើនដោយមិន ត្រឹមតែជួយដោះស្រាយការលំបាករបស់សិស្សានុសិស្សនៅក្នុងសហគមន័នេះប៉ុណ្ណោះទេ ថែមទំាងជួយបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្សដែលរស់នៅភូមិក្បែរនេះនៃស្រុកបា្រសាទសំបូរដែលជាប់គ្នានេះក៏អាចមករៀននៅទីនេះបានផងដែរ។
សម្លេង«បើមានខ្ញុំគិតថាសិស្សនឹងមករៀនច្រើនព្រោះសិស្សនៅទីនេះមានជីវភាពខ្វះខាត ក្រកម្រិត១កម្រិត២ ហើយទៅរៀននៅទីពោគឺមានអត់មានលទ្ធភាពអត់កន្លែងស្នាក់នៅ អត់លុយ ទៅរៀន មធ្យោបាយធ្វើដំណើរ។ រាល់ដងបញ្ជូនទៅ២០នាក់ ដល់ពេលទៅរៀនអត់បាន២០នាក់ ទេ គឺបានតែ១០នាក់ ហើយ១០នាក់នេះរៀនៗទៅ នៅសល់តែ៦ទៅ៧នាក់ឈប់អស់ខ្លះទៀត»។
អ្នកស្រីហ៊ី ណាន ជាសម្បទានិករស់នៅក្នុងភូមិអូរធំ ឃុំទីពោបានបង្ហាញអារម្មណ៍សប្បាយ រីករាយនៅពេលលឺថា រាជរដ្ឋាភិបាលគ្រោងសាងសង់អនុវិទ្យាល័យក្នុងតំបន់អភិវឌ្ឍន៍នេះ គឺបានជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សបានច្រើន។
លោកស្រីបន្តថា លោកស្រីចង់អោយកូននៅរៀនជិតៗ ព្រោះកូនស្រីៗមិនចង់អោយទៅរៀនឆ្ងាយទេ ដល់ពេលធ្វើសាលានៅជិតដូច្នេះកូនអាចទៅរៀនស្រួលហើយអាចជួយធ្វើការងារឪពុកម្តាយផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសាលាបឋមសិក្សាអូរធំ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (ឡាសិត២) ដែលស្ថិតនៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ មានសិស្សានុសិស្សប្រហែល១៥០នាក់ មានចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦ដែលពួកគាត់សុទ្ធសឹងជាកូនរបស់សម្បទានិកដែលបានមករស់នៅលើដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។ លើសពីនេះសាលាក៏បានផ្តល់អាហារចំនួន១ពេលនៅពេលព្រឹកដល់សិស្សានុសិស្សទំាងអស់ដើម្បីជួយសម្រាលការចំណាយរបស់សិស្សនិងទាក់ទាញពួកគេឲ្យមករៀនបានទៀងទាត់៕