សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅចូលរួមកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក នៅប្រទេសស្វីស

វិទ្យុជាតិកម្ពុជា៖ដោយលោកអ៊ូកាណែល

(ភ្នំពេញ)នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៩នៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវប្រទេសស្វីស។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសស្វីសនាពេលនេះរួមមាន៖ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីអូនព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដមប៉ានសូរស័ក្តិរដ្ឋមន្រ្តីពាណិជ្ជកម្មនិងឥស្សរជនជាន់ខ្ពស់មួយចំនួនទៀតរបស់រាជរដ្ឋាភិបាល។

ការអញ្ជើទៅចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោករបស់សម្តេចតេជោហ៊ុនសែនធ្វើឡើងតបតាមការអញ្ជើញរបស់លោករ៉ូបឺតូអាហ្សេវេដូអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។

ក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិបានឱ្យដឹងថាកិច្ចប្រជុំ«ត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩» នឹងប្រព្រឹត្តទៅក្រោមមូលបទ«គាំទ្រពិពិធកម្មនិងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នតាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម» មានគោលបំណងពិនិត្យមើលពីរបៀបដែលជំនួយពាណិជ្ជកម្មអាចទ្រទ្រង់ប្រកបដោយប្រសិទ្ធភាពដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថាអាស្រ័យដោយសមិទ្ធផលដ៏ធំធេងរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងជោគជ័យក្នុងការកាត់បន្ថយភាពក្រីក្រក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះសម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំផងដែរ។

ក្នុងឱកាសនោះសម្តេចនឹងគូសបញ្ជាក់ពីបទពិសោធន៍កិច្ចប្រឹងប្រែងនិងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការជម្នះឧបសគ្គនានានិងនាំមកនូវកំណើនសេដ្ឋកិច្ចគួរឲ្យកោតសរសើរដល់ប្រទេសកម្ពុជា។សម្តេចតេជោហ៊ុនសែននឹងប្រកាសជាផ្លូវការនូវយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មរបស់កម្ពុជាឆ្នាំ២០១៩២០២៣ព្រមទាំងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកម្មវិធីសង្គមដែលរៀបចំដោយWTO ផងដែរ។

ក្រៅពីកិច្ចប្រជុំខាងលើសម្តេចតេជោហ៊ុនសែននឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលនឹងផ្តល់សារដ៏សំខាន់និងច្បាស់លាស់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងឱកាសស្នាក់នៅទីក្រុងហ្សឺណែវសម្តេចតេជោនាយករដ្ឋមន្ត្រីរំពឹងថានឹងមានជំនួបទ្វេភាគីដោយឡែកពីគ្នាជាមួយឯកឧត្ដមវិលស្គីនណារីរដ្ឋមន្រ្តីសហប្រតិបត្តិការអភិវឌ្ឍនិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសហ្វាំងឡង់, ឯកឧត្ដមរតនាការអាឌីការីនាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្មនៃWTO, លោកជំទាវមីសែលបាឆេឡេតឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិព្រមទាំងជាមួយថ្នាក់ដឹកនាំផ្សេងៗទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឱ្យដឹងដែរថាសម្តេចតេជោហ៊ុនសែននឹងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនអឺរ៉ុបមួយចំនួននិងឆ្លៀតឱកាសទទួលជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរដែលរស់នៅប្រទេសស្វីសនិងប្រទេសអឺរ៉ុបផ្សេងទៀត៕