ក្រសួងសេដ្ឋកិច្ច សម្រេចបង្កើតក្រុមការងារចម្រុះអនុវត្តវិធានការចំពោះម្ចាស់សហគ្រាសផលិតបារីមិនបិទតែមប្រិ៍អាករលើផលិតផលបារី

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារចម្រុះដើម្បីអនុវត្តវិធានការចំពោះម្ចាស់សហ​គ្រាសផលិតបារីមិន​បិទតែមប្រិ៍អាករលើផលិតផលបារី ដោយព្រមានមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍លក់នៅក្នុងទីផ្សារទៀតទេ ។

ចាប់ពីដើមខែកក្កដាឆ្នាំ២០១៩នេះ ក្រុមការងារអគ្គនាយកដ្ឋានពន្ធដារនិងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងចុះពិនិត្យឃ្លាំងស្តុក​បារីនៅ​តាមសហគ្រាសនាំចូលបារី តាមដេប៉ូចែកចាយ ស្តង់លក់បារីនៅតាមទីផ្សារហាងលក់ទំនិញធំៗផ្សារទំនើបនានា ក្នុង​រាជធានីនិងតាមបណ្ដាលខេត្តទាំងអស់ ដើម្បីលុបបំបាត់ឱ្យបានទាំងស្រុងនូវប្រភេទបារីណាដែលមិនស្របច្បាប់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរណែ​នាំលេខ០១៥ សហវ ចុះថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០១៦កន្លងទៅ ស្ដីពីការអនុវត្តការប្រើប្រាស់តែមប្រិ៍អាករ​ប្រភេទថ្មី ការចុះពិនិត្យតាមបណ្ដាសហគ្រាសបារីក្នុងស្រុកដេប៉ូចែកចាយស្តង់លក់ខាងលើនេះ ក្នុងគោលបំណងពង្រឹងការ​គ្រប់គ្រងសហគ្រាសផលិតបារីក្នុងស្រុក សហគ្រាសនាំចូលបារី អ្នកលក់បារី និងអ្នកចែកចាយបារី ត្រូវអនុវត្តឲ្យត្រឹមត្រូវ​តាមច្បាប់​កំណត់ការបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ។

សេចក្តីជូនដំណឹងបានអៈអាងថា ក្រុមការងារចម្រុះ ចុះត្រួតពិនិត្យប្រសិនបើពិនិត្យឃើញមានបារីដែលដាក់នៅក្នុងឃ្លាំងស្តុក ឬដាក់តាំងលក់បិទតែមប្រិ៍អាករប្រភេទចាស់ ឬបិទតែមប្រិ៍អាករក្លែងក្លាយ ក្រុមការងារចម្រុះនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធ្វើការឃាត់ទុកនិងគ្រប់គ្រងបារីទាំងនោះហើយតម្រូវឲ្យអ្នកផលិតបារី ឬម្ចាស់បារីទាំងនោះទទួលខុសត្រូវចំពោះមុខច្បាប់ ៕