សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូង ជាមួយប្រទេសវៀតណាម

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង

សហភាពអឺរ៉ុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាលើកដំបូងជាមួយប្រទេសវៀតណាម​កាលពីចុងសប្តាហ៍កន្លងទៅ ដែលនេះជាលើកដំបូងដែលសហភាពអឺរ៉ុបបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជា​មួយប្រទេស​អាស៊ាន​មួយនេះដោយបើកផ្លូវសម្រាប់ការកាត់បន្ថយពន្ធលើទំនិញ ៩៩ ភាគរយ។នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានផ្នែកទទួលបន្ទុកកិច្ចការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmstrom ដែលកំពុងមានវត្តមាន​នៅក្នុងទីក្រុងហាណូយ បានលើកឡើងថា លោកស្រីពិតជាត្រេកអរខ្លាំងណាស់ ដែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប​យល់ព្រមបើកភ្លើងខៀវ ចំពោះកិច្ចព្រមព្រៀងមួយនេះ។លោកស្រីបានបន្ថែមថា វៀតណាម គឺជាប្រទេសដែលមានសក្តា​​នុពលសេដ្ឋកិច្ចរស់រវើក ដោយមានចំនួនប្រជាជនច្រើនជាង ៩៥ លាននាក់។ លោកស្រីថា ទាំងសហភាពអឺរ៉ុប ទាំង​ប្រទេសរៀតណាម នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីរវាងគ្នាដោយរំពឹងថា សភាអឺរ៉ុបនឹងផ្តល់សច្ចាប័ន លើកិច្ចព្រមពព្រៀងពាណិជ្ជកម្មនេះនាចុងឆ្នាំ ២០១៩ផងដែរ។

លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានលើកឡើងថា តាម រយៈកិច្ចព្រមព្រៀងនេះ អ្នកវិនិយោគអឺរ៉ុប នឹងទទួល ប្រយោជន៍ ក្នុងការបណ្តាក់ទុននៅវៀតណាម។

សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំបំផុតទី ២ របស់វៀតណាមបន្ទាប់ពីសហរដ្ឋអាមេរិកដោយមានការនាំចេញសំខាន់ៗរួម​ទាំងផលិត​ផលសំលៀកបំពាក់និងស្បែកជើង។ទិន្នន័យផ្លូវការបានបង្ហាញថានៅឆ្នាំ ២០១៨ វៀតណាមបាននាំ​ចេញទំនិញ​និងសេវាកម្មតម្លៃ ៤២.៥ ពាន់លានដុល្លារទៅ សហភាពអឺរ៉ុប។
ប្រភព៖សារព័ត៌មាន Reuters