ក្រសួងមហាផ្ទៃបញ្ចេញផែនការជាច្រើនដើម្បីពង្រឹងសន្តិសុខសណ្នាប់ធ្នាប់នៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបញ្ចេញផែនការជាច្រើនដើម្បីពង្រឹងសន្តិសុខសណ្នាប់ធ្នាប់នៅខេត្តព្រះសីហនុ ដើម្បីបង្កើនភាពកក់ក្តៅនៃសន្តិសុខសុវត្ថិភាពរស់នៅរបស់ប្រជាពលរដ្ឋ ពាណិជ្ជករភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអភិបាលខេត្តព្រះសីហនុត្រូវបង្កើនម្ចាស់ការបង្ការទប់ស្កាត់និងបង្ក្រាបការប៉ុនប៉ងបង្កសកម្មភាពភេរវកម្មសកម្មភាពបទឧក្រិដ្ឋឆ្លងដែននិងបទល្មើសគ្រប់ប្រភេទសំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយក្នុងខេត្តនេះបានល្អប្រសើរឡើងវិញ។  បន្ថែមពីនេះសម្តេចក្រឡាហោមបានជំរុញការអនុវត្តឲ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធិភាពនូវគោលនយោបាយ«ភូមិឃុំមានសុវត្ថិភាព»សំដៅពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់នៅតាមមូលដ្ឋាន បង្កើនសកម្មភាពបង្ការទប់ស្កាត់ព្រមទាំងការស្រាវជ្រាវរកឲ្យឃើញនឹងបង្ក្រាបបទល្មើសគ្រប់ប្រភេទពិសេសការចរាចរណ៍ជួញដូរគ្រឿងញៀនការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទសកម្មភាពក្រុមក្មេងទំនើងសកម្មភាពលួចឆក់ប្លន់ការបង្ខាំងមនុស្សជំរិតទារប្រាក់និងអំពើឃាតកម្មឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្តេចក្រឡាហោម ស ខេ បានបញ្ជាក់ថា កម្លាំងប្រដាប់អាវុធត្រូវប្រើប្រាស់កម្លាំងឲ្យអស់ពីលទ្ធភាពទាំងកម្លាំងអន្តរាគមន៍កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ កម្លាំងប្រជាការពារនិងសន្តិសុខឯកជនរៀបចំផែនការពង្រាយកម្លាំងឈរជើងល្បាតនិងអន្តរាគមន៍ដើម្បីគ្រប់គ្រងភូមិសាស្រ្តដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលានិងសហការជាមួយកម្លាំងពាក់ព័ន្ធមាន វិធានការល្បាតចល័តគ្រប់គ្រងលម្ហសមុទ្រនឹងបណ្ដាកោះ ដើម្បីបង្ការទប់ស្កាត់នូវរាល់សកម្មភាពល្មើសច្បាប់ព្រមទាំងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរនិងក្រុមវិនិយោគិន៕