ធ្វើកិច្ចប្រជុំជាប្រវត្តិសាស្ត្រនៅតំបន់គ្មានយោធា(D M Z)  

AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា  ឆ្នាំ២០១៩ — ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ​ បានប្រារព្ធកិច្ចប្រជុំ«ជាប្រវត្តិសាស្ត្រ »មួយនៅតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េ​ទាំងពីរ ​ហើយបានព្រមព្រៀងគ្នាថា នឹងបន្តកិច្ចសន្ទនាគ្នាសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA) បានផ្សាយជាភាសាអង់គ្លេសថា​ ក្នុង​អំឡុង​ពេលជួបប្រជុំគ្នានៅភូមិសន្តិភាព Panmunjom នៅតំបន់ DMZ កាលពីថ្ងៃអាទិត្យពួកគេ​បានឯកភាពគ្នារក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធនាពេលអនាគត នឹងបន្តជំរុញឱ្យមានការសន្ទនា​ជាលទ្ធភាពដើម្បីបង្កើតនូវរបកគំហើញថ្មីមួយ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និងទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានធ្វើឡើងខណៈដែលលោក គីម ទទួលយក​សំណើរ​បស់លោក Trump ដើម្បីជួបប្រជុំគ្នានៅ DMZ ក្នុងអំឡុងពេលស្នាក់នៅរយៈពេលពីរ​ថ្ងៃរបស់លោកនៅប្រទេស     កូរ៉េខាងត្បូង ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីលោក Moon Jae-in។

យោងតាម ​​KCNA បានឱ្យដឹងថា លោក គីម បាននិយាយថា វាជា «ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ដ៏ល្អជាមួយប្រធានាធិបតីលោក Trump ដែលបានធ្វើឱ្យកិច្ចប្រជុំដ៏គួរឱ្យភ្ញាក់ផ្អើលនេះ​ដែល​អាចធ្វើទៅបានតាមតែការជូនដំណឹងមួយថ្ងៃតែមួយថ្ងៃប៉ុណ្ណោះ » ។

លោក គីម ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា «ទំនាក់ទំនងនឹងបន្ត​ដោយបង្កើត​លទ្ធផលល្អៗ ដែលមិនអាចទាយទុកជាមុនបាន ដែលអ្នកដទៃទៀត ហើយនឹងធ្វើការងារជាកម្លាំងអាថ៌កំបាំង ក្នុងការជម្នះនូវឧបសគ្គជាច្រើននាថ្ងៃអនាគតផងដែរ» ។

នៅមុនពេលកិច្ចពិភាក្សាមួយទល់មុខគ្នានៅឯទីលាន Freedom House ដែលជាប៉ម​នៅភាគខាងត្បូងនៃ Panmunjom លោក Trump បានឆ្លងកាត់ខ្សែបន្ទាត់កណត់ព្រំដែនយោធា (MDL) ទៅខាងកូរ៉េជើងរួមគ្នា ជាមួយនឹងលោក គីម ដោយលោក ត្រាំ បានក្លាយជាប្រធានា​ធិបតី​អាម៉េរិកដំបូងគេដែលអង្គុយនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

KCNA បាននិយាយថា «ក្នុងរយៈពេល៦៦​ឆ្នាំ​ ចាប់តាំងពីកិច្ចព្រមព្រៀងយុទ្ធសន្តិភាព​នៅឆ្នាំ១៩៥៣មក បានកើតឡើងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយរបស់មេដឹកនាំកំពូលនៃ​កូរ៉េខាង​ជើង​ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការចាប់ដៃគ្នាជាប្រវត្តិសាស្ត្រនៅ Panmunjom ដែល​ត្រូវ​បានគេស្គាល់ថា ជានិមិត្តសញ្ញានៃការបែងចែក» ។

របាយការណ៍នេះក៏បាននិយាយផងដែរថា លោក Moon «បានស្វាគមន៍លោកគីម » នៅខាងក្រៅអគារហើយពួកគេបានផ្លាស់ប្តូរ «ការស្វាគមន៍គ្នាយ៉ាងកក់ក្តៅ » ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល  )