សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ ពង្រឹងលើវិធានការនានាជាមួយមហាជន

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ អាត ចន្ធូ

ភ្នំពេញ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជំរុញឲ្យអាជ្ញាធរខេត្តព្រះសីហនុ ពង្រឹងលើវិធានការមហាជន តាមរយៈផ្សព្វផ្សាយ អប់រំ ឲ្យមហាជនក្តាប់បានអំពីវិធានការណ៍ បញ្ហាប្រឈម និងយល់ដឹងអំពីច្បាប់ ដើម្បីចូលរួមចំណែកក្នុងសកម្មភាពពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

យោងតាមផែនការស្ដីពីការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមក្នុងខេត្តព្រះសីហនុ ចុះហត្ថលេខាដោយសម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ដើម្បីពង្រឹងលើវិធានការមហាជន អាអាជ្ញាធរខេត្តព្រះសីហនុ ត្រូវរៀបចំវេទិការសាធារណៈ ដោយផ្ដោតសំខាន់លើការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុត្ថិភាព  និងរៀបចំវេទិកាសាធារណៈ សំដៅដោះស្រាយបញ្ហាប្រឈមណាមួយ ជាក់លាក់ដែលមានឥទ្ធិពលដល់ខឿនសន្ដិសុខ និងសណ្ដាប់ធ្លាប់សាធារណៈ ជាពិសេសពាក់ពន្ធ័បញ្ហាចរាចរ គ្រឿងញៀន និងបញ្ហាជួញដូរមនុស្សជាដើម។

ប្រភពបានឲ្យដឹងទៀតថា ការឃោសនាដោយផ្ទាល់តាមគោលដៅអាជីវកម្ម សេវាកម្ម រមណីដ្ឋាន អំពីច្បាប់បទដ្ឋានក្រោមច្បាប់ដែលមានការពាក់ពន្ធ័ដល់ការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីឲ្យម្ចាស់គោលដៅទាំងនេះ ដូចជាមហាជនជ្រួតជ្រាប និងចូលរួមគាំទ្រអនុវត្ត ព្រមទាំងឃោសនាអប់រំតាមគ្រប់រូបភាព និងតាមប្រពន្ធ័ផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន និងរៀបចំឲ្យមានក្រុមប្រតិកម្មរហ័យរបស់អាជ្ញាធរ ដើម្បីការបំភ្លឺបកស្រាយនូវព័ត៌មាន និងបាតុភាពនានា ជូនសាធារណៈជនឲ្យបានទាន់ពេលវេលានៅនឹងកន្លែង។

សូមបញ្ជាក់ថា ការពង្រឹងលើវិធានការមហាជននេះ ក្នុងគោលបំណងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គមក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្ដៅ សុខដុមនីយកម្ម វិនិយោគិន ពាណិជ្ជករ ភ្ញៀវទេសចរ ប្រកបមុខរបរ និងទស្សនកិច្ចកម្សាន្ដប្រកបដោយភាពកក់ក្ដៅ៕