ប្រទេសចិនព្រមានថា ផ្លូវនៅវែងឆ្ងាយទៀត មុនឈានដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម ក្រោយជំនួបនៅG20

វិទ្យុជាតិកម្ពុជា៖ដោយលោក ភួង ឈុនលាង៖


យោងតាមការចេញផ្សាយរបស់សារព័ត៌មានចិន China Daily បានអោយដឹងថា ចិននិងសហរដ្ឋអាមេរិក នឹងត្រូវដើរលើផ្លូវវែងឆ្ងាយទៀត មុនពេលប្រទេសទាំងពីរ អាចឈានដល់កិច្ចព្រមព្រៀងមួយបាន ដើម្បីបញ្ចប់បញ្ហាវិវាទពាណិជ្ជកម្មដ៏តានតឹងនាពេលបច្ចុប្បន្ន ក្រោយលោក ស៊ី ជិនពីង និង លោក ដូណាល់ ត្រាំ បានជួបពិភាក្សាគ្នានៅប្រទេសជប៉ុនជាលើកដំបូង ចាប់តាំងពីកិច្ចចរចារវាងភាគីទាំងពីរ បានជាប់គាំងកាលពីខែឧសភាកន្លងទៅ។
តាមប្រភពដដែលបន្តថា ទោះបីជាទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមមិនដំឡើងពន្ធលើទំនិញចិនបន្តបន្ទាប់ទៀត ដើម្បីបើកផ្លូវសម្រាប់ការបើកកិច្ចរចាឡើងវិញក៏ដោយ ប៉ុន្តែអ្វីៗទាំងអស់នៅតែមិនទាន់ច្បាស់ទាំងស្រុងនៅឡើយ ព្រោះនៅមានដំណើរវែងឆ្ងាយទៀត មុនពេលប្រទេសមហាសេដ្ឋកិច្ចទាំងពីរអាចឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាផ្លូវការ។
សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកបានគំរាមវាយពន្ធបន្ថែមលើទំនិញចិនសេសសល់ប្រមាណ៣០០ពាន់លានដុល្លារបន្ថែមលើទំនិញនាំចូលពីចិនតំលៃ២០០ពាន់លាន ដែលអាម៉េរិកបានយករួចហើយ ក្រោយកិច្ចចរចាសំដៅបញ្ចប់ជម្លោះបានជាប់គាំងកាលពីខែឧសភាកន្លងទៅ៕
ប្រភព៖ សារព័ត៌មាន China Daily