ថ្នាក់ដឹកនាំ នគរបាលជាតិ ប្តេជ្ញាពង្រឹងកំលាំងរបស់ខ្លួនឲ្យមានគុណភាពនិងប្រសិទ្ធភាពការងារ

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

ថ្នាក់ដឹកនាំ នគរបាលជាតិពង្រឹងសមត្ថភាពធនធានមនុស្សចំនួន១៤៦នាក់ពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិនៅ សាលាភូមិភាគ១ ដើម្បី បំពេញភារកិច្ចឲ្យបានខ្ជាប់ខ្ជួន បំរើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយធ្វើខ្លួនឲ្យក្លាយជាគំរូល្អ ក្នុងចលនាបំរើប្រជាពលរដ្ឋដោយឥតរើសអើង។


ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយសិស្សនាយនគរបាលនិងនាយនគរបាលរងនៅសាលានគរបាលជាតិភូមិភាគ១ខេត្តស្ទឹងត្រែងថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៏ ឯក.មនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល មានប្រសាសន៏ថា៖ប្អូនៗជាធនធានមនុស្ស មានសមត្ថភាពនៅក្នុងសង្គម ដូចនេះចូលខិតខំរៀនសូត្រទាំងអស់គ្នាគឺរៀនឱ្យចេះ មិនមែនរៀនឱ្យចប់ទេ គឺដើម្បីប្រែក្លាយខ្លួនឱ្យទៅជាអ្នកបំរើប្រជាពលរដ្ឋ បំរើប្រទេសជាតិប្រកបដោយតម្លាភាពនិងមានប្រសិទ្ធភាព។ឯកឧត្តម នាយឧត្តមសេនីយ៏ មានប្រសាសន៍បន្ថែមថា៖ ជាមួយគ្នានេះ សហការី នគរបាល ត្រូវប្តេជ្ញាចិត្តខ្ពស់ពេលត្រឡប់ទៅអង្គភាព យកចំណេះដឹងនិងសមត្ថភាពជំនាញទទួលបានពីវគ្គនេះទៅអនុវត្តការងារទប់ស្កាត់-បង្ការ-និងបង្ក្រាបបទល្មើសឲ្យមានប្រសិទ្ធភាពដើម្បីរក្សាសន្តិសុខសុវត្តិភាពស្ថេរភាពជូន ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន ។
លោកវរៈសេនីយ៏ឯក អ៊ុំ ឈឿន នាយករងសាលានគរបាលភូមិភាគ១ ស្ទឹងត្រែងបានអះអាងថា៖សាលា បណ្តុះបណា្តលមន្ត្រីនគរបាលតម្រូវឲ្យសិក្សារយៈពេល០៤ខែ ចាប់ពីខែ មិថុនា ទៅដល់ខែកញ្ញាឆ្នាំ២០១៩ ទៅលើមុខជំនាញវិជ្ជាជីវៈនគរបាល-រួមមាន៖ការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ ការអភិវឌ្ឍធនធានមនុស្ស និងការបង្កើតឲ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ប្រកបដោយវប្បធម៌ និងគុណធម៌ផងដែរ ។ លោកវរៈសេនីយ៏ឯកបន្ថែមថា៖ នេះជាវគ្គបណ្តុះបណ្តាលកម្រិតបឋម វិជ្ជាជីវៈនគបាលជំនាន់ទី១៣ លើកទី៣ ដែលមានមន្ត្រីនគរបាលចំនួន ១៤៦នាក់ នារី៤០នាក់ មកពីស្នងនគរបាលខេត្ត កំពង់ចាម ស្វាយរៀង មណ្ឌលគីរី និងក្រចេះ ។
សូមបញ្ជាក់ថា៖នេះជាទិសដៅរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ
រយៈពេល៥ឆ្នាំនិងកម្មវិធីកំណែទម្រង់ទៅលើកិច្ចការងារសំខាន់ៗស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្រេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំដ៍ឈ្លាសវៃរបស់ ប្រទេសកម្ពុជាយើង៕