អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យចិននិងអាមេរិកចរចាគ្នាបន្ធូភាពតានតឹងរឿងជម្លោះសេដ្ឋកិច្ច

វិទ្យុជាតិកម្ពុជា អត្ថបទ៖លោក ជួន បូណា ២៨ ០៦ ១៩

អ្នកនាំពាក្យរាជរដ្ឋាភិបាលនៃកម្ពុជា ចង់ឲ្យរដ្ឋាភិបាលចិន និងសហរដ្ឋអាមេរិក រក្សាភាពចរចាគ្នា ដើម្បីបន្ធូភាពតានតឹងក្នុងរឿងជម្លោះសេដ្ឋកិច្ច ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះ។
ឯកឧត្ដម ផៃ ស៊ីផាន ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅពេលរដ្ឋាភិបាលប្រទេសទាំងពីរចូលតុចរចាគ្នា នឹងធ្វើឲ្យស្ថានភាពនយោបាយសេដ្ឋកិច្ចវិលមករកដូចដើមវិញ។
ថ្លែងក្នុងវេទិកាពិភ្សាអំពីបញ្ហាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ក្នុងបរិបទកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ឯកឧត្ដមបានបញ្ជាក់ថា អំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចិន ងាកមករកការចរចា ដលម្បីឈានដល់ការបញ្ចប់ជម្លោះពាណិជ្ជកម្មដែលកំពុងឡើងកំដៅនាពេលបច្ចុប្បន្ននេះ ក៏ដូចជាដើម្បីចូលរួមថែរក្សាសន្តិភាព នយោបាយ និងសេដ្ឋកិច្ចទាំងក្នុងតំបន់ និងនៅលើពិភពលោក។
«ប្រសិនប្រទេសទាំងពីរនៅតែមិនមានការចរចាគ្នាទេនោះ ភាគីទាំងពីរនឹងខាតបង់ផលប្រយោជន៍កាន់តែខ្លាំង តាមរយៈការប្រឈមមុខដាក់គ្នាទៅវិញទៅមក។ម្យ៉ាងវិញទៀតកម្ពុជា មិនចង់ឲ្យប្រទេសណាមួយយកមហិច្ឆតានយោបាយរបស់ខ្លួន ដើម្បីបំផ្លាញពិភពលោកនោះទេ»។
សូមបញ្ជាក់ថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ ត្រូវបានគេមើលឃើញថា កាន់តែខិតជិតទៅរកសង្គ្រាមពាណិជ្ជកម្ម ក្រោយពីប្រទេសទាំងពីរ បានសម្ញែងឫទ្ធិសាច់ដុំសេដ្ឋកិច្ចដាក់គ្នាក្នុងការកំណត់ដកហូតពន្ធនាំចេញនាំចូលរៀងៗខ្លួន៕