លោក ស៊ី៖ ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរឡើយ ហើយជំរុញឱ្យមានដំណោះស្រាយចំពោះបញ្ហាកាំជ្រូច THAAD

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា  ឆ្នាំ២០១៩ — តាមការិយាល័យ Cheong Wa Daeបានឱ្យដឹងថា ប្រធានាធិបតីចិន​លោក ស៊ី ជីនភីង បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន (Moon Jae-in) កាលពីថ្ងៃព្រហស្បតិ៍​ថា ​ការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងរបស់លោក គីម ជុង-អ៊ុន ចំពោះការធ្វើមិនឱ្យមានអាវុធនុយ​ក្លេអ៊ែរ និងការផ្សះផ្សាជាមួយកូរ៉េខាងត្បូងនៅតែមិនផ្លាស់ប្តូរ។

លោក ស៊ី បាននិយាយប្រាប់លោក មូន អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក​ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីសប្តាហ៍មុន នៅពេលដែលពួកគេបានជួបគ្នានៅទីក្រុង​អូសាកា​ ប្រទេសជប៉ុនមួយថ្ងៃមុនពេលបើកកិច្ចប្រជុំកំពូលនៃក្រុមប្រទេសG-20។

លោក គីម ត្រូវបានគេដកស្រង់សម្តីដែលនិយាយដោយអ្នកនាំពាក្យរបស់ការិយាល័យ Cheong Wa Dae លោក Ko Min-jungថា លោក គីម សង្ឃឹមថា នឹងមាន «ភាពប្រសើរឡើងនៃ​លក្ខខណ្ឌខាងក្រៅ» ខណៈដែលរបបរបស់លោកកំពុងខិតខំប្រឹងប្រែង ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច​​ និងជីវភាពរស់នៅរបស់ប្រជាជនស្របតាម «បន្ទាត់គោលនយោបាយថ្មី» ។

លោកទំនងជានិយាយសំដៅទៅលើបណ្តាញធំៗ នៃការដាក់ទណ្ឌកម្មដែលដឹកនាំ ដោយ​ អ.ស.ប លើទីក្រុងព្យុងយ៉ាង។

នៅពេលមុននេះមួយថ្ងៃ លោក ស៊ី បានប្រាប់លោក មូន ថា លោក គីម ចង់ដោះស្រាយបញ្ហានេះ តាមរយៈការសន្ទនា​គ្នា និងរក្សាភាពអត់ធ្មត់ដើម្បីស្វែងរកវិធីសាស្រ្តសមស្រប។

លោក ស៊ី ក៏បាននិយាយផងដែរថា កូរ៉េខាងជើងមានបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ និងការផ្សះផ្សាឡើងវិញដោយរក្សាឱ្យមានការសន្ទនាគ្នាឱ្យនៅដដែល។

តាមមន្ដ្រី Cheong Wa Dae បានឱ្យដឹងថា បញ្ហាបន្លាមួយចំនួនក៏ត្រូវបានលើក​ឡើងផងដែរ ដូចជាបញ្ហាជម្លោះចិន-អាម៉េរិក លើប្រព័ន្ធអ៊ីនធឺណិតដែលទាក់ទងទៅនឹង​បច្ចេកវិទ្យា 5G និងប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិក ដែលត្រូវបានដាក់ពង្រាយនៅក្នុង​ប្រទេស​​កូរ៉េខាងត្បូងដែលហៅថា THAADនោះ។

លោក ស៊ី បានស្នើសុំឱ្យលោក Moon ដោះស្រាយបញ្ហា THAAD ដោយសារតែទីក្រុង​ប៉េកាំង​ត្រូវបានជំទាស់យ៉ាងខ្លាំងចំពោះវត្តមានរបស់ខ្លួននៅលើឧបទ្វីបនេះ។ លោក Moon បាន​ឆ្លើយតបថា វាជាបញ្ហាដែលទាក់ទងទៅនឹងការដកអាវុធនុយក្លេអ៊ែរ។

នៅថ្ងៃសុក្រនេះ លោក មូន នឹងចូលរួមកិច្ចប្រជុំ G-20 ដើម្បីដោះស្រាយបញ្ហាមួយចំនួន​មានដូចជា៖ សេដ្ឋកិច្ចសកល ពាណិជ្ជកម្ម ការវិនិយោគ ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងចក្ខុវិស័យពិភពលោក ដែលមានលក្ខណៈច្នៃប្រឌិតដោយរួមបញ្ចូលទាំងការប្រែប្រួល​អាកាសធាតុ បរិស្ថាន និងថាមពល។

លោក Moon ត្រូវបានគេគ្រោងធ្វើកិច្ចចរចាដោយឡែកពីគ្នា ជាមួយលោកប្រធានា​ធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងក្របខ័ណ្ឌ G-20 រួមជាមួយនាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីឥណ្ឌូណេស៊ី​លោក Joko Widodo ។

លោកបានជំរុញឱ្យមានការយកចិត្តទុកដាក់គ្នាក្រៅផ្លូវការមួយ ជាមួយប្រធានា​ធិបតីអាហ្សង់ទីន លោក Mauricio Macri និងនាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte៕

( ប្រភព យន់ហាប់:  បកប្រែដោយលោក មាស សំអុល )