ចិនសង្ឃឹមថា កិច្ចប្រជុំកំពូល G20  អូសាកា នឹងបញ្ជូនសញ្ញាជាវិជ្ជមាន  ក្នុងការប្រយុទ្ធនឹងការផ្លាស់ប្តូរអាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩  — អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅក្រុងប៉េកាំងពីថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិនសង្ឃឹមថា កិច្ចប្រជុំកំពូល G20 នាពេលខាងមុខក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន នឹងបញ្ជូនសញ្ញាជាវិជ្ជមាន នៃការប្រយុទ្ធនឹងការផ្លាស់ប្តូរអាកាសធាតុ ។

ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា សេចក្តីថ្លែងការណ៍ជាពង្រាងនៃកិច្ចប្រជុំកំពូល G20  នៅក្រុងអូសាកា មិនបានដាក់បញ្ចូលការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសទេ​ ។

ក្នុងការឆ្លើយតបអ្នកនាំពាក្យលោក ជេង សួង ( Geng Shuang  ) បាននិយាយថា ការដោះស្រាយ ការផ្លាស់ប្តូរអាកាសធាតុតែងតែជាបញ្ហាយ៉ាងសំខាន់មួយសម្រាប់ G20   ហើយក្នុងឋានៈជាវេទិកាយ៉ាងសំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាសកលនោះ G20  បានដើរតួនាទីយ៉ាងសំខាន់មួយនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ស្តីពីការផ្លាស់ប្តូរអាកាសធាតុ  ។

លោកបាននិយាយថា យើងសង្ឃឹមថា កិច្ចប្រជុំកំពូល G20 អូសាកាអាចបញ្ចូលនូវសញ្ញានយោបាយជាវិជ្ជមាននៃការប្រយុទ្ធនឹងការផ្លាស់ប្តូរអាកាសធាតុ ។

លោក ជេង បាននិយាយថា ប្រទេសចិនតែងតែចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការពហុភាគីនៃ ការដោះស្រាយការផ្លាស់ប្តូរអាកាសធាតុ ​ព្រមទាំងចូលរួមនៅក្នុងកិច្ចចរចា ដែលមានជាប់ពាក់ព័ន្ធនៅក្រោមយន្តការពហុភាគីតួយ៉ាងដូចជា G20  នេះជាដើម​ ។

ដោយនិយាយយោងទៅរកកិច្ចប្រជុំកំពូល G20  ក្នុងទីក្រុងប៊ុយណូហ្សែរ កាលពីឆ្នាំកន្លងទៅលោកបាននិយាយថា សមាជិកក្រុមប្រឹក្សារដ្ឋនឹងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ( Wang Yi ​) , រដ្ឋមន្ត្រីការបរទេសបានរាំងលោក ហ្សង់ អ៊ីវ៉េស ឡឺឌ្រីយ៉ង់ ( Jean –Yves Le Drian  ) និងអគ្គលេខាធិការ អ.ស.ប លោក  អង់តូនីញ៉ូ ហ្គូតេរ៉េស ( Antonio Guterres ) បាននិយាយដដែលៗ ការសន្យាដ៏រឹងមាំដើម្បីធ្វើការជាមួយគ្នាក្នុងការប្រយុទ្ធនឹងការផ្លាស់ប្តូរអាកាសធាតុនៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានមួយ  ។

ក្នុងអំឡុងកិច្ចប្រជុំកំពូលនៅក្រុងអូសាកា លោក ជេង បាននិយាយថា ភាគីទាំងបី​អាចធ្វើកិច្ចប្រជុំម្តងទៀត ស្តីពីការផ្លាស់ប្តូរអាកាសធាតុដោយសម្តែងនូវសេចក្តីសង្ឃឹមថា កិច្ចប្រជុំនេះនឹងដើរតួនាទីយ៉ាងសកម្មមួយក្នុងការជំរុញការពិភាក្សាគ្នាស្តីពីការផ្លាស់ប្តូរអាកាសធាតុនៅក្រោមយន្តការពហុភាគី ដែលរួមបញ្ចូលទាំង G20  ផង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )