ក្រសួងបរិស្ថានដាក់ឲ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ២៨ ០៦ ២០១៩

ក្រសួងបរិស្ថានដាក់ឲ្យដំណើរការគេហទំព័រក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដើម្បីជួយឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទទួលបានព័ត៌មានផ្នែកអភិវឌ្ឍន៍ដោយចីរភាព ប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់ សម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិការណ៍បដិវត្តឧស្សាហកម្ម៤.០។
ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ផ្លូវការ នូវគេហទំព័រក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នៅថ្ងៃទី២៨ ខែមិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានបញ្ជាក់ថា គេហទំព័រដែលមានឈ្មោះថា «http://ncsd.moe.gov.kh or http://www.moe.gov.kh/ ncsd»នេះបណ្តុំទៅដោយធនធានចំណេះដឹង និងព័ត៌មានដ៏សម្បូរបែប ដែលរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងវិស័យបរិស្ថាន សេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តម មានប្រសាសន៍ថា គេហទំព័រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននេះ នឹងជួយឲ្យអ្នករៀបចំគោលនយោបាយ ស្ថាប័នស្រាវជ្រាវ សិក្សាធិការ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសាធារណជន អាចស្វែងយល់កំណត់អាទិភាព និងបង្កើតកិច្ចអន្តរាគមន៍ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការងារអាទិភាពពាក់ព័ន្ធនឹងការអភិវឌ្ឍដោយចីរភាព។ ព្រមជាមួយគ្នានេះ ក៏ជួយឲ្យការរៀបចំគម្រោងបានល្អប្រសើរ សម្រាប់ទាក់ទាញនូវហិរញ្ញប្បទាននិងបង្កើនការយល់ដឹងរបស់សាធារណជនតាមបែបបច្ចេកវិទ្យាទំនើបអំពីស្ថានភាព នៃការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជីវចម្រុះ ជាដើម។
បើតាមការលើកឡើងរបស់ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឲ្យដឹងថា ឯកសារចំណេះដឹងប្រមាណ៩០០មុខពាក់ព័ន្ធនឹងប្រព័ន្ធទិន្នន័យនៃការប្រែប្រួលអាកាសធាតុនិងភាពងាយរងគ្រោះ ហិរញ្ញប្បទានអាកាសធាតុ ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ជីវចម្រុះ គំរូកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គោលនយោបាយជាតិ ផែនការតាមវិស័យជាដើមនេះ នឹងត្រូវបានដាក់បញ្ចូលនៅក្នុងគេហទំព័រថ្មីនេះ។
លោក ហ្វ្រង់គ៍ វីយោល(Franck VIAULT) អគ្គទីប្រឹក្សាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានផ្នែកសហប្រតិបត្តិការប្រតិភូនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានគាំទ្រចំពោះការបង្កើតគេហរទំព័រនេះឡើង ដោយលោកថា ការផ្តល់នូវទិន្នន័យ និងព័ត៌មានប្រកបដោយគុណភាព ភាពច្បាស់លាស់ ភាពទុកចិត្តបាន និងទាន់ពេលវេលា ជាផ្នែកមួយជួយសម្រួលដល់ការរៀបចំផែនការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ លោកឲ្យដឹងថា សហភាពអឺរ៉ុប បានសម្រេចផ្តល់ថវិកាចំនួន៦លានអឺរ៉ូបន្ថែមទៀត សម្រាប់កម្ពុជាធ្វើការងារលើផ្នែកអភិវឌ្ឍន៍ដោយចីរភាព និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត។
សូមបញ្ជាក់ថា ប្រព័ន្ធផ្តល់ចំណេះដឹងនេះ បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីសហភាពអឺរ៉ុប កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសស៊ុយអែត តាមរយៈកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុនៅកម្ពុជា៕