សម្តេចតេជោ ថ្លែងថា ឯករាជ្យ និងអធិបតេយ្យជាតិ ជាគុណតម្លៃដ៏វិសេសវិសាលឧត្តុង្គឧត្តមដើម្បីធានាអត្ថិភាពនៃជាតិនិងជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់សន្តិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ស្រី​ ផន​ វាសនា​៖

សម្តេចតេជោ បានមានប្រសាសន៍ថា នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មនសិការភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើងឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះមុខការរំលោភបំពានណាពីខាងក្រៅ ។ ឯករាជ្យ និងអធិបតេយ្យជាតិ ជាគុណតម្លៃដ៏វិសេសវិសាលឧត្តុង្គឧត្តមដើម្បីធានាអត្ថិភាពនៃជាតិ និងជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់សន្តិភាព និងវឌ្ឍនភាពប្រកបដោយកិត្តិយសរបស់ប្រជាជាតិយើង។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែង បែបនេះក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី៦៨ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះ ពេជ្រ នៅថ្ងៃទី២៨ ខែមិថុនានេះ។ សម្តេចតេជោ បានបញ្ជាក់ថាប្រវត្តិសាស្រ្តជាក់ស្តែងបានបង្ហាញឲ្យយើងឃើញច្បាស់ហើយថា ការចុះខ្សោយ ឬបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ គឺមានតែនាំមកនូវការបែកបាក់ សង្រ្គាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើល ងាយសម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។ សម្តេចតេជោ បន្តថា នៅគ្រប់កាលៈទេសៈ ប្រជាជនយើងត្រូវប្រកាន់ខ្ជាប់នូវជំហរជាអ្នកធ្វើជាម្ចាស់របស់ប្រទេសជាតិ ខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន។ យើងទាំងអស់គ្នាត្រូវចងចាំថា គឺភាពរឹងមាំនៃកត្តាខាងក្នុងនេះហើយ ដែលមានចរិតកំណត់ និងជាមូលដ្ឋានដើម្បីទទួលបានការជួយឧបត្ថម្ភពីខាងក្រៅ។