ប្រទេសចិនប្រាប់កូរ៉េខាងត្បូងថា ការរំសាយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនឹង មិន មានការផ្លាស់ប្តូរឡើយ

វិទ្យុកម្ពុជា៖ដោយលោក ភួង ឈួនលាង៖


លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបញ្ជាក់ប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន មុនការបើកកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងអូសាកាប្រទេសជប៉ុនថា ការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងការផ្សះផ្សាគ្នាជាមួយកូរ៉េខាងត្បូង គឺគ្មានការផ្លាស់ប្តូរឡើយ។


តាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ បានឲ្យដឹងទៀតថាការបញ្ជាក់បែបនេះធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីចិន ទើបតែបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ នៅឯទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន។លោកប្រធានាធិបតីស៊ីបានលើកឡើងថាលោក គីម មានក្តីសង្ឃឹមថា កូរ៉េខាងជើងនឹងទទួលបានការបន្ធូរបន្ថយខ្លះៗ នូវ ទណ្ឌកម្មអន្តរជាតិ ហើយ ចង់ដោះស្រាយបញ្ហានេះតាមរយៈកិច្ចចរចា។លោកស៊ីក៏បាននិយាយផងដែរថាកូរ៉េខាងជើង មានបំណងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនិងការផ្សះផ្សាឡើងវិញដោយរក្សាឱ្យ
មានការសន្ទនាគ្នាឱ្យនៅដដែល។
ក្នុងជំនួបរយៈពេលប្រមាណជា៤០នាទី ប្រធានបទសំខាន់ៗជាច្រើនទៀត រួមមានបញ្ហាដាក់ពង្រាយប្រព័ន្ធ ខែលការពារមីស៊ីលដ៏ទំនើបរបស់អាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដោយលោកស៊ីស្នើឲ្យកូរ៉េខាងត្បូងដោះស្រាយបញ្ហានេះ ខណៈលោក មូន បានឆ្លើយតបថា វាមានជាប់ពាក់ព័ន្ធគ្នាទៅនឹងការរំសាយ អាវុធនុយក្លេអ៊ែរ របស់ កូរ៉េខាងជើង ពោលគឺ ប្រព័ន្ធនេះមានតួនាទីការពារកូរ៉េខាងត្បូងពីមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ប្រភព៖ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ (Yonhap)