អាជ្ញាធរខេត្តសៀមរាបប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា

AKP សៀមរាប ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តសៀមរាបនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ «ការបំពុលខ្យល់» ក្រោមអធិបតីភាពរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា  ការប្រារព្ធទិវា បរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក គឺ ក្នុងគោលបំណងពញ្ញាក់ ស្មារតីមនុស្ស គ្រប់ៗរូបឱ្យមានការ គិតគូរពីហានិភ័យបរិស្ថាននានា ដែលតែងតែកើតមានមក លើសង្គម មនុស្ស និងជួយដាស់តឿនដល់សហគមន៍ជាតិ យើងទាំងអស់ ឱ្យយកចិត្តទុកដាក់ពី បញ្ហាបរិស្ថាន ដើម្បីផលប្រយោជន៍មនុស្សគ្រប់រូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ច-សង្គមជាតិយើងទាំងមូល ។

ឯកឧត្តមបានបន្តថា ការប្រារព្ធទិវានេះ គឺជាការអះអាងបញ្ជាក់ផងដែរថា មនុស្សគ្រប់ រូបមានសិទ្ធិសេរីភាព ក្នុងការទទួលយកពីធម្មជាតិនូវខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹកស្អាត សម្រាប់ទទួលទាន មានដីស្អាតសម្រាប់ការបង្កបង្កើនផល និងមានសមធម៌ក្នុងការបែង ចែកភោគផលពីធម្មជាតិ ហើយមនុស្សម្នាក់ៗមានសិទ្ធិចូលរួមអនុវត្តន៍វិធានការការពារ ថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ហើយត្រូវចាត់ទុកថា ការរស់នៅប្រកប ដោយចីរភាព ការអភិរក្សជីវចម្រុះ និងកិច្ចគាំពារបរិស្ថានជាភារកិច្ចយើងទាំងអស់គ្នា។ 

ឯកឧត្តមបន្តទៀតថា បរិស្ថានធម្មជាតិ នៃភពផែនដីយើងកំពុងរស់នៅ ស្ថិតក្នុង ភាពរងគ្រោះពុំមានស្រាកស្រាន្ត ហើយវាពុំអាចមានឱកាសរីកលូតលាស់ និងមានដំណើរ ប្រព្រឹត្តទៅតាមបែបធម្មជាតិរបស់វាបានឡើយ មានជាអាទិ៍ការធ្វើអាជីវកម្ម ព្រៃឈើ ហួសកម្រិត ការបំពុលទឹក ការបំពុលខ្យល់ ដែលជាមូលហេតុយ៉ាងចម្បងនាំឱ្យកើតមានការ ប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ដូចជា ក្តៅហួតហែង ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃជាដើម។ ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា ធនធានធម្មជាតិ ភាគច្រើនមានកម្រិត ដូច្នេះបើយើងទាញផលពី   បរិស្ថានធម្មជាតិច្រើនពេក ក៏វានឹងអស់នៅថ្ងៃណាមួយ។

នៅក្នុងពិធីនេះ ក៏មានចែកជូនកូនឈើ រួមមាន បេង , គគីរ , ឈើទាល ,គ្រញូង ,ធ្នុង , នាងនួន, រំដូល, ក្រងោក និងកូនដើមភ្ញៀវ សរុបចំនួន៥ពាន់៥០០ ដើម ក្រោមការឧបត្ថម្ភរបស់អាជ្ញាធរជាតិអប្សរា ប្រគេន និងជូនដល់វត្តចំនួន៥ និង សាលាវិទ្យាល័យ អនុវិទ្យាល័យ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាបផងដែរ៕

ដោយ ឃុត សៅ