ពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតកើនដល់ជាង៨លាន៦សែននាក់ បន្ទាប់ពីគ.ជ.ប ចុះឈ្មោះបន្ថែម

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

ភ្នំពេញ៖     ចំនួនពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងឆ្នាំ២០១៩ បានកើនដល់សរុប៨.៦២៩.៣៥៦នាក់ បន្ទាប់ពីគ.ជ.ប ធ្វើការចុះឈ្មោះបន្ថែម ក្នុងអំឡុងពេល ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត កាលពីខែឧសភាកន្លងទៅនេះ។

 

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយភាគីពាន់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងកិច្ចប្រជុំពាក់ព័ន្ធនៅទីស្តីការគ.ជ.ប កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ចំនួនអ្នកមានឈ្មោះបោះឆ្នោតដែលកើនឡើងនេះ គឺស្មើនឹង៨៤,៧៨ភាគរយ បើធៀនទៅនឹងចំនួនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង។ ឯកឧត្តមបន្តថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបនេះ គឺមានស្ត្រីចំនួន ៤.៦០៣.២៥២នាក់។

 

គ.ជ.ប បានធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩  ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញ និងត្រឹមត្រូវ បន្ទាប់ពីប៉ាន់ស្មាន់ថា ប្រជាពលរដ្ឋខ្មែរទើបគ្រប់អាយុ១៨ឆ្នាំ និងប្រជាពលរដ្ឋខ្មែរមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក មានប្រមាណជាង៣៧ម៉ឺននាក់ ព្រមទាំងអាចមានប្រជាពលរដ្ឋដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី  និងអ្នកទទួលមរណភាព។

 

បើតាមការបញ្ជាក់របស់ ឯកឧត្តម ឯម សូផាត បានឲ្យដឹងថា គ.ជ.ប នឹងលុបឈ្មោះអ្នកបោះឆ្នោតចេញពីបញ្ជីសរុប៤២.៩១៨នាក់ បន្ទាប់ពីរកឃើញអ្នកទទួលមរណភាពដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវ ជនដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង ដោយមានឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់  អ្នកត្រូវបានដកសិទ្ធិបោះឆ្នោតបណ្តោះអាសន្ន និងអ្នកមានឈ្មោះស្ទួន។

 

សូមបញ្ជាក់ថា គ.ជ.ប នៅថ្ងៃទី២៧ ខែមិថុនានេះ បានធ្វើការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់ទូទាំងប្រទេស ដើម្បីបើកផ្លូវឲ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធប្តឹងតវ៉ា ឬសុំកែតម្រូវទិន្នន័យឡើងវិញ មុននឹងឈានទៅសម្រេចទទួលយកបច្ចុប្បន្នភាពនៃបញ្ជីបោះឆ្នោតថ្មីជាផ្លូវការ៕