លោក Moon នឹងធ្វើកិច្ចចរចាជាមួយលោក ស៊ី និងលោក ពូទីន នៅអូសាកា    

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០១៩ — ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នឹងចាប់ផ្តើមជំនួបទ្វេភាគី និងការទូត​ទ្វេភាគី​នៅក្នុងសប្តាហ៍នេះ ខណៈដែលលោកចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 នៅប្រទេស​ជប៉ុន ចំពេលកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់កិច្ចពិភាក្សា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុង​ព្យុងយ៉ាងបន្តតាមកាលបរិច្ឆេទដំបូង។

តាមការិយាល័យប្រធានាធិបតី Cheong Wa Dae នៅទីនោះបានឱ្យដឹងថា លោក មូន ​គ្រោង​នឹងចេញទៅទីក្រុងអូសាកា ដែលជាកន្លែង G-20 នារសៀលថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់​ពី​ការមកដល់ភ្លាមនោះដែរ លោកនឹងធ្វើកិច្ចចរចាទ្វេភាគីជាមួយ​លោក ស៊ី ជីនភីង ប្រធានា​ធិបតី​ចិន។

វានឹងជាកិច្ចប្រជុំលើកដំបូងរបស់ពួកគេក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ។ ពួកគេ​បាន​ជួបគ្នានៅខាងក្រៅកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC) ប្រចាំឆ្នាំនៅ​ប៉ាពួ​ញូហ្គីណេ​ កាលពីខែវិច្ឆិកា។

នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខនេះ លោក មូន ត្រូវបានគេរំពឹងថា នឹងទទួលបាន​ព័ត៌មាន​សង្ខេបអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ស៊ី​ ទៅកាន់ទីក្រុងព្យុងយ៉ាង​កាល​ពីសប្តាហ៍មុន ដែលលោក ស៊ី បានជជែកគ្នាជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម​ ជុង-អ៊ុន។

ក្នុងកិច្ចសម្ភាសន៍រួមគ្នាមួយ ជាមួយភ្នាក់ងារព័ត៌មានយ៉ុនហាប់ និងទីភ្នាក់ងារព័ត៌មាន​ពិភពលោក​ចំនួន៦ផ្សេងទៀត កាលពីថ្ងៃពុធលោក Moon បានសម្តែងក្តីសង្ឃឹមថា ដំណើរ​ទស្សនកិច្ច​របស់លោក ស៊ី នៅកូរ៉េខាងជើងនឹងក្លាយជាចំណុចរបត់មួយ ដែលអាចជួយ​បន្ត​ការសន្ទនា​គ្នារវាងកូរ៉េទាំងពីរ និងរវាង កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក។

លោកបានមានប្រសាសន៍បន្ថែមទៀតថា នៅក្នុងកិច្ចប្រជុំកំពូលG20នាពេលឆាប់ៗ​នេះ ខ្ញុំនឹងអាចជួបប្រជុំជាមួយលោកប្រធានាធិបតីចិនលោក ស៊ី ដោយផ្ទាល់ ហើយស្តាប់អំពីលទ្ធផល​នៃដំណើរទស្សនកិច្ចរបស់លោកនៅកូរ៉េខាងជើង។

បន្ទាប់ពីជំនួបជាមួយលោក ស៊ី នៅទីក្រុងអូសាកា លោក មូន នឹងជួបជាមួយជនជាតិដើម​ភាគតិច កូរ៉េមួយក្រុមនៅទីនោះ។ បន្ទាប់មកលោកនឹងចូលរួមក្នុងកិច្ចប្រជុំ G-20 ដែលមាន​រយៈពេល​ពីរថ្ងៃដែលគ្រោងនឹងបើកនៅថ្ងៃសុក្រស្អែកនេះ ដែលមន្រ្តី Cheong Wa Dae ពណ៌នាថា ជាឱកាសដើម្បីផ្សព្វផ្សាយគំនិតផ្តួចផ្តើមសន្តិភាពរបស់កូរ៉េខាងត្បូង និងការគាំទ្រ​ចំពោះដំណោះស្រាយបញ្ហាសកលលោកដែលកំពុងទន្ទឹងរង់ចាំនេះ។

G-20 នៅឆ្នាំនេះ គឺដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា៖ បញ្ហាសេដ្ឋកិច្ចសកល ពាណិជ្ជកម្ម ការ    វិនិយោគ ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងចក្ខុវិស័យពិភពលោក ដែល​មាន​លក្ខណៈច្នៃប្រឌិតរួមទាំងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងថាមពលជាដើម។

លោក Moon ក៏គ្រោងនឹងចរចាជាមួយគ្នាមួយជាមួយលោកប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ាឌីមៀរ ពូទីន នៅក្នុងក្របខ័ណ្ឌ G-20 ដោយរួមមានទាំង នាយករដ្ឋមន្រ្តីប្រទេស​កាណាដា​លោក Justin Trudeau នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ប្រធានាធិបតីអាហ្សង់-ទីនលោក Mauricio Macri និងនាយករដ្ឋមន្រ្តីហូឡង់ Mark Rutte៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )