កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគរវាងសហភាពអឺរ៉ុប និងវៀតណាម មានសារៈសំខាន់សម្រាប់ភាគីទាំងពីរ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩​  — ប្រធានបេសកកម្មវៀតណាមប្រចាំសហភាពអឺរ៉ុប លោក Vu Anh Quang បានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ   រវាងសហភាពអឺរ៉ុប និងវៀតណាម ( EVIPA ) មានសារៈសំខាន់ណាស់ចំពោះប្រទេសវៀតណាម និង​​សហភាពអឺរ៉ុប។

នៅក្នុងកិច្ចសម្ភាសន៍របស់លោកជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅក្នុងឱកាសនៃកិច្ចប្រជុំសម្រេចកាលពីថ្ងៃទី២៥ ខែមិថុនា របស់ក្រុមប្រឹក្សាអឺរ៉ុបក្នុងការចាត់តាំងគណៈកម្មការអឺរ៉ុបឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងពីរជាមួយវៀតណាមនៅទីក្រុងហាណូយ នៅថ្ងៃទី៣០ ខែមិថុនា អ្នកការទូតរូបនេះបាននិយាយថា កិច្ចព្រមព្រៀងទាំងពីរនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគជំនាន់ថ្មី ដែល       សហភាពអឺរ៉ុបសម្រេចបានជាមួយប្រទេសដែលមានចំណូលមធ្យម។

កិច្ចព្រមព្រៀងទាំងនេះ នៅពេលដែលបានចុះហត្ថលេខា និងផ្តល់សច្ចាប័នហើយ នឹងនាំមកនូវ      អត្ថប្រយោជន៍ដ៏ធំធេងដល់ភាគីទាំងពីរ ដោយសារតែផលិតផលសេដ្ឋកិច្ចរបស់ពួកគេនឹងមិនមានការប្រកួតប្រជែងទេ ប៉ុន្តែនឹងបំពេញឱ្យគ្នាទៅវិញទៅមក។

ជាមួយនឹងពន្ធនាំចូលចំនួន ៩៩ភាគរយ ដែលត្រូវលុបចោលនោះ កិច្ចព្រមព្រៀង EVFTA នឹងបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមក្នុងការទទួលបានទីផ្សារដែលមានអ្នកប្រើប្រាស់ចំនួន ៥១២លាននាក់ របស់សហភាពអឺរ៉ុបផងដែរ។

ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ៥៥ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ ២០១៨ ហើយនឹងកើនឡើងយ៉ាងឆាប់រហ័សក្នុងពេលខាងមុខនេះ។ លោកបាននិយាយបន្ថែមថា សហភាពអឺរ៉ុបនឹងបង្កើនការ        វិនិយោគទុននៅក្នុងប្រទេសវៀតណាម ជាពិសេសនៅក្នុងវិស័យដែលសហភាពអឺរ៉ុបមានសក្តានុពល ដូចជាបច្ចេកវិទ្យាខ្ពស់ ថាមពលស្អាត និងហិរញ្ញវត្ថុ – ធនាគារ ការដឹកជញ្ជូន និងភ័ស្តុភារ ដែលជួយដល់វៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ឋសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)