ក្រុមហ៊ុនឥណ្ឌា បង្ហាញពីបំណងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ -ក្រុមហ៊ុនឥណ្ឌា បានបង្ហាញគោលបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដែលកំពុងសិក្សានៅកម្រិតអនុវិទ្យា ល័យ និងយុវជនដែលបោះបង់ការសិក្សា ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និង​មានការងារធ្វើសមរម្យ។

ក្នុងកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ​បណ្ដាល វិជ្ជាជីវៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងការងារ លោក រ៉ាជនីស្ហ កូណាត្រា (Rajneesh Kanotra) ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Centum Learning Ltd បានបញ្ជាក់ថា ក្រុមហ៊ុនមានគោលបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់ យុវជនកម្ពុជា ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ(អនុវិទ្យាល័យ) និងយុវជន ដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ដើម្បីឱ្យពួកគេទទួលបាននូវជំនាញវិជ្ជាជីវៈណា មួយ និងទទួលបានការងារធ្វើសមរម្យ ក្នុងនោះមានដូចជាជំនាញបច្ចេកវិទ្យា ទេសចរណ៍​សុខាភិបាល ហិរញ្ញវត្ថុជាដើម។ លោកបន្ដថា ជាការពិតណាស់ ក្រុមហ៊ុន Centum Learning Ltd នេះ ពិតជាបានដំណើរការក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍ជំនាញ​យ៉ាងជោគ​ជ័យ រយៈពេល៧ឆ្នាំមកហើយ ដោយបានជួយដល់ប្រជាពលរដ្ឋជាច្រើន ទាំងនៅប្រទេស​ឥណ្ឌា នៅតំបន់អាហ្វ្រិកផងដែរ។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ​បណ្ដាល វិជ្ជាជីវៈបានសម្ដែង នូវការស្វាគមន៍ចំពោះលោក រ៉ាជនីស្ហ កូណាត្រា ដែលមានបំណងចង់បង្កើតនូវកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជា ដោយសារនេះជាការចូលរួមដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាង កម្ពុជា និងឥណ្ឌាឱ្យកាន់តែមានភាពល្អប្រសើរ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីបុរាណកាលមក ហើយបច្ចុប្បន្នស្ថានភាពប្រជា​សាស្ត្រ ការគោរពប្រតិបត្តិសាសនា ទំនៀមទម្លាប់ ការរស់នៅរវាងប្រជាពលរដ្ឋកម្ពុជា និង ឥណ្ឌា​ក៏មានភាពប្រហាក់ប្រហែលគ្នាដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ឯកឧត្តមបានពិនិត្យមើលប្រវត្តិនៃការដំណើរការរបស់ក្រុមហ៊ុន Centum Learning Ltd រួចហើយ ដោយឯកឧត្តមបានកោតសរសើរចំពោះភាព​ជោគជ័យ របស់ក្រុមហ៊ុន និងក៏បានបង្ហើបពីគោលបំណងចង់ឱ្យក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះ បង្កើតនូវ កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈយ៉ាងខ្លាំង។ ឯកឧត្តមបានលើកឡើងថា “ខ្ញុំពិតជាចង់ឱ្យឥណ្ឌាមានវត្តមានលើ វិស័យ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាណាស់”។

ឯកឧត្តមក៏បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះគោលបំណងចង់បង្កើត​កិច្ចសហ ប្រតិបត្តិ​ការនេះ និងចាត់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាល​បច្ចេក ទេស និងវិជ្ជាជីវៈ (TVET) ឱ្យធ្វើការពិភាក្សាលើការងារពាក់ព័ន្ធនានា ដើម្បីឱ្យកិច្ចសហប្រតិ បត្តិការខាងលើនេះលេចជារូបរាងឡើង និងផ្ដល់ផ្លែផ្កាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះដែរ នៅកម្ពុជាបច្ចុប្បន្នមានកម្លាំងពលកម្មប្រមាណជាង១០លាននាក់ ហើយអាត្រានៃកម្លាំងពលកម្មដែលចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំៗ មានមិនដល់កន្លះ​លាន​នាក់ទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែមិនអាចផ្ដល់ការបណ្ដុះបណ្ដាល​ដល់​ពួកគេគ្រប់គ្នានៅឡើយដែរ ដែលទាមទារឱ្យមានដៃគូសហការទាំងជាតិ និងអន្តរជាតិ ក្នុងការ​ជួយអភិវឌ្ឍន៍វិស័យនេះឱ្យបានកាន់តែច្រើន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនឹងស្ថានភាពដែលកម្ពុជាកំពុងត្រូវការដៃគូសហការបន្ថែម ហើយរាជរដ្ឋាភិបាល​ស្វាគមន៍ជានិច្ចចំពោះកិច្ចសហប្រតិបត្តិការនេះ។

លោក រ៉ាជនីស្ហ កាណូត្រា ក៏បានបញ្ជាក់បន្ថែមប្រាប់ឯកឧត្តមរដ្ឋមន្រ្ដីដែរថា ក្រុមហ៊ុន Centum Learning Ltd របស់លោក ក៏អាចចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈជាមួយកម្ពុជាបានផងដែរ ប្រសិនបើកម្ពុជាមានបំណងចង់ពង្រឹងសមត្ថភាពមន្ត្រីជាគ្រូ​បង្គោលបន្ថែមទៀត៕

ដោយ អ៊ុន រិទ្ធី