កិច្ចប្រជុំលើការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

AKP ភ្នំពេញ ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩​ -ប្រភពពីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹងថា​ កាល​ពី​ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានដឹកនាំកិច្ចប្រជុំលើការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលកិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ប្រធាន និងអនុប្រធានស្ថានីយថ្លឹងរថយន្តទាំង ២៧ស្ថានីយ នៅទូទាំងប្រទេសកម្ពុជា។

ប្រភពដដែលបាន​គូសបញ្ជាក់ថា​ កិច្ចប្រជុំនេះធ្វើឡើងក្នុង​គោល​បំណង​ដើម្បីត្រួតពិនិត្យការអនុវត្តការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចូលរួមសហការគ្នាដោះស្រាយនូវរាល់បញ្ហាដែលបានជួបប្រទះ ក៏ដូចជារៀបចំផែនការយុទ្ធសាស្ត្រឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលច្បាប់កំណត់។

នៅក្នុង​ឱកាសនោះ​ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ទោះបីផ្លូវល្អមានគុណភាពរឹងមាំប៉ុណ្ណាក៏ដោយ ប្រសិនបើមានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ផ្លូវនេះនឹងឆាប់ខូច និងមិនអាចប្រើប្រាស់បានយូរឡើយ និង​បាន​លើកយករូបមន្តរបស់ធនាគារពិភពលោកមកបង្ហាញថា បើមានរថយន្តមួយគ្រឿងដឹកលើសទម្ងន់កម្រិតកំណត់ចំនួន១០តោន នៅលើផ្លូវមួយ វាស្មើនឹងរថយន្ត ១០.០០០គ្រឿងកំពុងធ្វើចរាចរណ៍នៅលើផ្លូវនោះ (ដោយ១០×១០×១០×១០= ១០.០០០គ្រឿង)។

ជាមូយ​គ្នានេះដែរ​ ឯកឧត្ដមបានមាន​ប្រសាសន៍​ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះមន្ត្រីទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់ការដឹកទំនិញលើសទម្ងន់កម្រិតកំណត់។ ជាលទ្ធផលចំនួនរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់មានការថយចុះគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ​ ឯកឧត្ដមបានផ្ដាំផ្ញើឱ្យមន្ត្រីទាំងអស់ធ្វើការប្ដេជ្ញាខ្ពស់ជាងនេះទៀត ព្រមទាំងសាមគ្គីសហការគ្នាឱ្យបានស្អិតល្មួត និងអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីឈានទៅលុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានកំណត់ក្នុងច្បាប់និងបទ  ដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា៕

ដោយ​ ទេស ច័ន្ទសុធារី

រូបភាព៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន