ឥណ្ឌាគ្រោងជួយយុវជនកម្ពុជាឲ្យកាន់តែមានជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ សុខាភិបាល និងបច្ចេកវិទ្យា

វិទ្យុ​ជាតិ​កម្ពុជា​អត្ថបទ​៖​ លោក​ ជួន​ បូណា​ ២៦​ ០៦​ ១៩៖

ឥណ្ឌាគ្រោងជួយយុវជនកម្ពុជាឲ្យកាន់តែមានជំនាញវិជ្ជាជីវៈលើវិស័យទេសចរណ៍ សុខាភិបាល និងបច្ចេកវិទ្យា ដើម្បីជំរុញអោយយុវជនកានលតែមានសមត្ថភាពរឹងមាំឆ្លើយតបនឹងតម្រូវការទីផ្សារ។
ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Centum Learning Ltd បានបង្ហាញគោលបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដែលកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សា ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងមានការងារធ្វើសមរម្យ។
លោក រ៉ាជនីស្ហ កូណាត្រា (Rajneesh Kanotra) ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Centum Learning Ltd បានបង្ហាញបំណងនេះធ្វើឡើងនៅក្នុងកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម​ អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩​ ដើម្បីជួយចូលរួមចំណែកលើកកម្ពស់សមត្ថភាពរបស់យុវជនទៅតម្រូវការទីផ្សាការងារ។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន Centum Learning Ltd ក៏អាចចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាមួយកម្ពុជាបានផងដែរ ប្រសិនបើកម្ពុជាមានបំណងចង់ពង្រឹងសមត្ថភាពមន្ត្រីជាគ្រូបង្គោលបន្ថែមទៀត។
ជាការឆ្លើយតប​ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានសម្ដែងនូវការស្វាគមន៍ចំពោះលោក រ៉ាជនីស្ហ កូណាត្រា ដែលមានបំណងចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយសារនេះជាការចូលរួមដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌាឱ្យកាន់តែមានភាពល្អប្រសើរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា គោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនឹងស្ថានភាពដែលកម្ពុជាកំពុងត្រូវការដៃគូសហការបន្ថែមទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ ក្នុងការជួយអភិវឌ្ឍន៍វិស័យនេះឱ្យបានកាន់តែច្រើន។
ជាមួយគ្នានេះ​ ឯកឧត្តម​ បានចង្អុលបង្ហាញ និងចាត់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យធ្វើការពិភាក្សាលើការងារពាក់ព័ន្ធនានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការខាងលើនេះលេចជារូបរាងឡើង និងផ្ដល់ផ្លែផ្កាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
សូមបញ្ជាក់ថា​ ក្រុមហ៊ុន Centum Learning Ltd នេះ បានដំណើរការក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍ជំនាញទទួលជោគជ័យ រយៈពេល៧ឆ្នាំមកហើយ ដោយបានជួយដល់ប្រជាពលរដ្ឋជាច្រើន នៅប្រទេសឥណ្ឌា នៅតំបន់អាហ្វ្រិកផងដែរ៕