រាជរដ្ឋាភិបាលស្នើសុំប្រជាពលរដ្ឋយោគយល់ចំពោះផលប៉ះពាល់ពីការពង្រីកកំណាត់ ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩  ៖

រាជរដ្ឋាភិបាលស្នើសុំប្រជាពលរដ្ឋយោគយល់ចំពោះផលប៉ះពាល់ពីការពង្រីកកំណាត់ ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២ ដើម្បីធានាឲ្យការស្ថាបនាផ្លូវនេះបានធំទូលាយជួយសម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនឲ្យកាន់តែមានភាពងាយស្រួលលឿនរហ័ស។


ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២នេះនឹងត្រូវពង្រីកពី ២គន្លង ទៅ៤ គន្លង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរទៅវិញទៅមកប្រកបដោយសុវត្ថិភាព។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ២ និងលេខ២២ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុន HANSHIN Engineering & Construction Co. Ltd ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការសាងសង់ផ្លូវនេះ នឹងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរឱ្យកាន់តែល្អប្រសើរ ស្របតាមកំណើនប្រជាពលរដ្ឋនិងកំណើនយានយន្តនាពេលបច្ចុប្បន្ននេះថែមទាំងជំរុញកំណើនវិស័យសេដ្ឋកិច្ចនៅកម្ពុជាមានការរីកចំរើន អាចទាក់ទាញអ្នកវិនិយោគបានច្រើនផងដែរ ។
ឯកឧត្តមបានសុំការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរពីការរំខានដោយគ្រឿងចក្រ នឹងការកកស្ទះផ្សេងៗនៅពេលផ្លូវដំណើរការសាងសង់ឡើងវិញ ។ ខ្ញុំសុំអភ័យទោសដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការសាងសង់នេះធ្វើមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ពីរង្វង់តាខ្មៅ ទៅគួរស្រូវ ពីគួរស្រូវអូរចំបក់ ពីអូរចំបក់ទៅអង្គតាសោមមានការកកស្ទះមានការហុយដីយើងខ្ញុំខិតខំយ៉ាងណាណែនាំឲ្យក្រុមហ៊ុននិងស្រោចទឹក ឧស្សាហ៍ស្រោចទឹកធ្វើឲ្យផ្លូវហាប់ល្អហើយវាមិនសូវហុយផង ចឹងយើងនឹងណែនាំគាត់ ។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា តាមលក្ខណៈបច្ចេកទេសគម្រោងស្ថាបនានេះ នឹងពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC សាងសង់ស្ពានថ្មី ចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់ចំនួន ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនានេះគ្រោងនឹងប្រើរយៈពេល ៣០ខែ (ប្រហែល ២ឆ្នាំកន្លះ)បែងចែកជាបីកំណាត់ផ្លូវធំៗគឺកំណាត់ទី១៖ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្តី្របីកូរស្រូវ ដែលមានប្រវែងជាង៨គីឡូម៉ែត្រពង្រីកពី ២ គន្លង ទៅ ៤ គន្លង កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្តី្របីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែងជាង៥៣គីឡូម៉ែត្រស្ថិតក្នុងតំបន់ជនបទមាន ២គន្លង និងកំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម ផ្លូវជាតិលេខ២២ ដែលមានប្រវែងជាង៩គីឡូម៉ែត្រ ស្ថិតក្នុងតំបន់ជនបទមាន២គន្លង។
សូមបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ គឺជាគម្រោងក្រោមឥណទានសម្បទាន ពីធនាគារនីហរ័ណអាហរ័ណកូរ៉េ (Export-Import Bank of Korea) នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) ដែលមានចំនួនទឹកប្រាក់សរុប ៥៦,១០០,០០០ ដុល្លារសហរដ្ឋអាមេរិក ៕