ក្រសួងធនធានទឹកប្រាប់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីឥទ្ធិពលភ្លៀងដែលនឹងអូសបន្លាយដល់ដើមខែកក្កដា

វិទ្យុជាតិដោយ លោក អុឹម ភិរក្សនារីរតន: ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩៖

ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពីឥទ្ធិពលភ្លៀង លាយឡំជាមួយផ្គររន្ទៈ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានឡើង ក្នុងពេលកម្ពុជាទទួលរងសម្ពាធចាប់ពីថ្ងៃទី២៦ ខែមិថុនាដល់ថ្ងៃទី ២ ខែកក្កដាខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះ បានបញ្ជាក់ថា តំបន់ជាប់មាត់សមុទ្ររួមមាន ខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណបង្គួរទៅច្រើននិងខ្យល់បក់បោកខ្លាំង។ ចំណែក នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនផ្សេងទៀតដូចជា កណ្ដាល កំពង់ស្ពឺ តាកែវ និងកំពត នឹងមានឥទ្ធិពលរងសម្ពាធខ្យល់មូសុងដែលបង្កឲ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតចាប់ពីមធ្យមទៅច្រើន។
ក្រសួងជំនាញនេះ បានណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវត្រូវមានការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ ផ្គរ រន្ទៈ ដែលអាចនឹងកើតមានឡើងក្នុងពេលមានភ្លៀងធ្លាក់នេះ៕