រាជរដ្ឋាភិបាលចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ពីក្រុងតាខ្មៅ ដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម

វិទ្យុជាតិកម្ពុជា៖ វ៉ាង ភក្តី ២៥ ០៦ ២០១៩៖

រាជរដ្ឋាភិបាលចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ពីក្រុងតាខ្មៅ ដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវ ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម ដើម្បីធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញ។
គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី២៥ ខែមិថុនានេះ ធ្វើពិធីចុះហត្ថលេខាប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនឯកជនពីប្រទេសកូរ៉េខាងត្បូងឈ្មោះថា «Hanshin Engineering and Construction Co., Ltd» ធ្វើការអភិវឌ្ឍ បន្ទាប់ពីទទួលបានឥណទានសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េ នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានចំនួនទឹកប្រាក់សរុបជាង៥៦លានដុល្លារមេរិក។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា គម្រោងកែលម្អផ្លូវជាតិលេខ២ចាប់ផ្ដើមពីរង្វង់មូលតាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដល់រង្វង់មូលអូរចំបក់ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ និងផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀង មានលូជ្រុងកាត់ទទឹងថ្នល់៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់១៧កន្លែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ការស្ថាបនានេះ គ្រោងនឹងប្រើរយៈពេល៣០ខែ ដោយគម្រោងនេះបែងចែកជាបីកំណាត់ផ្លូវធំៗ មានដូចជា៖កំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលស្ត្រីបីកួរស្រូវ ដែលមានប្រវែង៨,៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី២គន្លង ទៅ៤គន្លង ដោយនៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ២០,៥ម៉ែត្រ
កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវ ដល់រង្វង់មូលអូរចំបក់ ដែលមានប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទ ដោយរៀបចំមាន២គន្លង ក្នុងទំហំផ្លូវទទឹង១៣ម៉ែត្រ។
កំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ២២) ដែលមានប្រវែង៩,៦១១គីឡូម៉ែត្រ ដែលស្ថិតក្នុងតំបន់ជនបទ ដោយកំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប១៣ម៉ែត្រ៕