កម្ពុជាគ្រោងអបអរសាទរខួប១០ឆ្នាំស្តីពីច្បាប់ជនពិការ នៅចុងឆ្នាំនេះ

វិទ្យុជាតិដោយ ៖ លោក អ៊ឹម ភិរក្សនារីរតនៈ ៖

រាជរដ្ឋាភិបាលកម្ពុជាគ្រោងររៀបចំអបអរសាទរខួប១០ឆ្នាំស្តីពីច្បាប់ជនពិការ នៅចុងឆ្នាំនេះ ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គម របស់ជនមានពិការភាពដែលជនបាត់បង់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា និងផ្តោតសំខាន់ទៅលើសិទ្ឋិជនពិការភាព ។
លោក អ៊ុង សម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយដៃគូពាក់ព័ន្ធសម្រេចបានការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់ជនពិការ ក្នុងការយកចិត្តទុកដាក់ លើវិស័យពិការភាពនិងគិតគូរពីសុខមាលភាពរបស់បងប្អូនមានពិការភាព ។
លោកបានបញ្ជាក់ថា ការរៀបចំពិធីអបអរសាទរខួប១០ឆ្នាំស្តីពីច្បាប់ជនពិការ នៅចុងឆ្នាំនេះ គឺជាសារក្រើនរំលឹកដល់ភាគីពាក់ព័ន្ធទាំងអស់អោយចូលរួមលើកកម្ពស់សិទ្ធិជនពិការដែលធានាបានឧត្តមប្រយោជន៍របស់ពួកគេ។ លោកបន្តទៀតថា ដើម្បីធានាបានការលើកកម្ពស់សិទ្ធិរបស់ជនពិការ ត្រូវតែនាំគ្នាលុបបំបាត់ការរើសអើងលើជនពិការ ធ្វើយ៉ាងណាឲ្យជនពិការអាចទទួលបាននូវផលប្រយោជន៍ ដោយសមធម៌ក្នុងការអភិវឌ្ឍ និងភាពរីកចម្រើន នៃសង្គមជាតិផងដែរ ។
រាជរដ្ឋាភិបាលយើងបានយកចិត្តទុកដាក់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ គិតគូរជនពិការតាំងពីមិនទាន់ផ្ដល់សច្ចាប័នលើអនុសញ្ញា មានន័យថាច្បាប់នឹងចេញ២០០៩ តែអនុសញ្ញាស្ដីពីសិទ្ធិជនពិការ យើងទើបផ្ដល់សច្ចាប័ន២០១២ យើងបានគិតគូរពីជនពិការ មុនអនុសញ្ញាចេញទៀត ចឹងដោយសារតែមាត្រាមួយចំនួនវាមិនស៊ីគ្នានឹងអនុសញ្ញា ស្របពេលដែលយើងមានការផ្ដល់សច្ចាប័នលើអនុសញ្ញា យើងកែសំរួលច្បាប់តែម្ដងទៅ ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានជនពិការប្រហែល៥០ម៉ឺននាក់ ហើយជនមានពិការភាព ភាគច្រើនងាយរងគ្រោះដោយសារ គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងទៀតដែលអាចប្រឈមនឹងភាពរងគ្រោះមួយចំនួនដែលនាំឱ្យមានពិការភាពផងដែរ ។ សួមបញ្ជាក់ថា ទិវាអបអរសាទរខួប១០ឆ្នាំ ស្តីពីច្បាប់ជនពិការ នៅចុងខែឆ្នូ និងស្ថិតក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕