ដំណាំអំពៅរបស់ប្រជាកសិករក្នុងខេត្តព្រៃវែងកំពុងទទួលបានទិន្នផលខ្ពស់

វិទ្យុជាតិកម្ពុជា . ស៊ឹង សុផារី ៖


ដំណាំអំពៅរបស់ប្រជាកសិករក្នុងខេត្តព្រៃវែងកំពុងទទួលបានទិន្នផលខ្ពស់ ខណ:ដែលទឹកភ្លៀងនៅដើមរដូវវស្សានេះមានដំណោយផលប្រសើរដល់វិស័យកសិកម្ម។


លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា នៅដើមរដូវវស្សាឆ្នាំនេះ ប្រជាកសិកររស់នៅក្នុង ឃុំជាខ្លាង ស្រុកស្វាយអន្ទរ បានសម្រេចការដាំដំណាំអំពៅរួចរាល់ជាស្ថាពរលើផ្ទៃដីសរុបប្រមាណជាង៦០០ហិកតា ស្របពេលកសិករមួយចំនួន បាននឹងកំពុងចាប់ផ្ដើមប្រមូលផលដំណាំប្រភេទនេះជាបណ្តើរលើផ្ទៃដីប្រហែល ៥ ទៅ ៦ហិកតា។
លោកបានបន្តទៀតថា ប្រជាកសិករ បានដាំដំណាំប្រភេទនេះនៅលើដីស្រែ ក្រោយពេលប្រមូលផលស្រូវរួច ហើយក្រោយពេលប្រមូលផលដំណាំអំពៅរួច ប្រជាកសិករក៏វិលមកធ្វើស្រែវិញ ជាលក្ខណៈវិលជុំ ។
សំឡេង ៖ ពិតជាមានប្រយោជន៍ណាស់ សម្រាប់ការផ្លាស់ប្ដូរឥរិយាបថមួយចំនួន ដែលប្រើប្រាស់លទ្ធភាពរបស់យើងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ គេត្រូវការអ្វីយើងត្រូវធ្វើហ្នឹងឱ្យទាន់ពេលវេលា។ បើតំបន់គាត់នេះត្រូវបានគេទទួលស្គាល់ថាបើមានអ្នកណារកទិញអំពៅ គឺមកស្រុកស្វាយអន្ទរ ឃុំជាខ្លាងនេះ ហើយនេះគាត់នឹងទទួលបាននូវអំពៅដ៏ល្អនៅទីនេះ។
ប្រធានមន្ទីររូបនេះបន្តថា ឆ្នាំនេះដំណាំអំពៅក្នុងខេត្តព្រៃវែងកំពុងមានទីផ្សារ តម្លៃខ្ពស់ ធ្វើឱ្យប្រជាកសិករចំណេញបានច្រើន ដោយក្នុង១ហិកតា ពួកគាត់លក់បានពីជាង២០លានទៅ៣០លានរៀល បន្ទាប់ពីចំណាយលើការដាំដុះអស់ដើមទុនប្រមាណជាង១០លានរៀលប៉ុណ្ណោះ៕