ពលរដ្ឋខេត្តព្រៃវែងងាកមកដាំបន្លែសុវត្ថិភាពដើម្បីរកប្រាក់ចំណូលបន្ថែមក្រោយពីប្រមូលផលស្រូវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖


ប្រជាពលរដ្ឋខេត្តព្រៃវែងងាកមកដាំបន្លែសុវត្ថិភាព ដើម្បីរកប្រាក់ចំណូលបន្ថែមក្រោយពី ប្រមូលផលស្រូវ ខណៈដែលដំណាំប្រភេទនេះកំពុងមានការពេញនិយម និងមានត្រូវការខ្ពស់លើទីផ្សារនាបច្ចុប្បន្ន។


លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករភាគច្រើននៅក្នុងខេត្តព្រៃវែងបានងាកមកដាំបន្លែសុវត្ថិភាពបន្ថែមទៀត ក្រោយពីប្រមូលផលដំណាំស្រូវ។ លោកប្រធានមន្ទីរ បានបន្ដថា បន្លែសុវត្ថិភាព ជាដំណាំមួយប្រភេទដែលដាំរយៈពេលខ្លីបានទទួលផល និងអាចរកប្រាក់ចំណូលបានខ្ពស់ សម្រាប់ប្រជាពលរដ្ឋ។ លោកបញ្ជាក់បន្ថែមថា បន្លែសុវត្ថិភាពដែលត្រូវបានប្រជាពលរដ្ឋដាំនោះមាន៣ ប្រភេទដូចជា បន្លែយកស្លឹក បន្លែយកមើម និងបន្លែយកផ្លែ ដោយវាមានតម្រូវការច្រើននៅក្នុងទីផ្សារប្រទេសកម្ពុជា។
សំឡេង៖ សម្រាប់បន្លែសុវត្ថិភាពនៅខេត្តព្រៃវែងនេះ គឺជាយុទ្ធសាស្ត្ររបស់មន្ទីរកសិកម្ម អនុវត្តតាមគោលនយោបាយរបស់ក្រសួងកសិកម្ម ក្នុងការលើកកម្ពស់ផលិតកម្មដំណាំបន្លែដើម្បីចូលរួមចំណែកកាត់បន្ថយបន្លែនាំចូលពីប្រទេសជិតខាង ហើយជាពិសេសចូលរួម បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋតាមជនបទផង។ គោលការណ៍សំខាន់គឺការលើកកម្ពស់ជីវភាពប្រជាកសិករយើងមានការធ្វើស្រូវការដាំបន្លែនិងការចិញ្ចឹមសត្វ ហើយបន្លែគឺជាដំណាំមួយដែលប្រើរយៈពេលខ្លីការទទួលផល។ចឹងប្រជាកសិករលោកបានដាំយ៉ាងផុលផុស ហើយទីផ្សារដែលយើងអាចផ្គត់ផ្គង់នោះ ក៏មិនជារបស់អ្វីដែល ដោយគ្រាន់តែថាពេលខ្លះវាឡើងថ្លៃបន្តិចចុះថ្លៃបន្តិចអញ្ចឹងទៅតែជារួមពួកគាត់ត្រូវបានរកចំណូលពីការលក់បន្លែសុវត្ថិភាពនេះបានល្អ។
លោកប្រធានមន្ទីរ បានជំរុញឲ្យប្រជាកសិករទាំងអស់បង្កើនការដាំបន្ថែសុវត្ថិភាព ដើម្បីលើកកម្ពស់សុវត្ថិភាពដល់អ្នកបិរភោគ និងខិតខំប្រឹងប្រែងផលិតឲ្យបានគ្រប់គ្រាន់ ទៅតាមតម្រូវការទីផ្សារ ជាពិសេសជៀងវាងការប្រើប្រាស់ជីគីមី ដែលនាំឲ្យមានផលប៉ះពាល់សុខភាពដល់អ្នកបរិភោគ។
លោកបានឲ្យដឹងទៀតថា បន្លែសុវត្ថិភាព មានដាំនៅស្រុកមេសាង ស្រុកពាមជរ ស្រុកបាភ្នំ ស្រុកព្រះស្ដេច និងស្រុកមួយចំនួនទៀត ដែលមានផ្ទៃដីសរុបជាង ៥០០ ហិតតា។