មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ថា សហគមន៍កសិករនឹងទទួលបានសិទ្ធិអនុគ្រោះពីរាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា សហគមន៍កសិករនឹងទទួលបានសិទ្ធិអនុគ្រោះពីរាជរដ្ឋាភិបាល ដើម្បីជួយជំរុញការអភិវឌ្ឍមុខជំនួញសហគមន៍កសិកម្មឲ្យដំណើរការល្អ សំដៅកា្លយជាសហគ្រាសសេដ្ឋកិច្ចកសិកម្មមួយរឹងមាំនៅជនបទ។

លោក ស្រ៊ុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ភាពអនុគ្រោះសម្រាប់សហគមន៍កសិករដែលនឹងត្រូវអនុវត្តនាពេលខាងមុខនេះមានដូចជា ការអនុគ្រោះពន្ធលើការទិញគ្រឿងចក្រ និងសម្ភារកសិកម្ម ការបញ្ចុះថ្លៃអគ្គិសនី ការទទួលបានមេធាវីការពារក្នុងផលិតកម្មកសិកម្ម ជាដើម។
ការថ្លែងបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិការៀនសូត្រស្តីពីអាជីវកម្មរបស់សហគមន៍កសិកម្ម ដែលរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសានេះ ដោយមានអ្នកចូលរួមមកពីតំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍កសិករមកពីខេត្តក្រុងប្រមាណ៣៥០នាក់ ក្នុងគោលបំណដើម្បីចែករំលែកបទពិសោធន៍ល្អៗនៃការគ្រប់គ្រងអាជីវកម្ម ការគ្រប់គ្រងហិញ្ញវត្ថុ អភិបាលកិច្ចល្អ និងការអភិវឌ្ឍសហគមន៍កសិកម្ម និងភ្ជាប់ទំនាក់ទំនងរវាងសហគមន៍កសិកម្មទៅនឹងក្រសួងមន្ទីរពាក់ព័ន្ធ វិស័យឯកជន និងម្ចាស់ជំនួយនានា ដើម្បីស្វែងរកការគំាទ្រ។
យ៉ាងណាក៏ដោយ លោក ស្រ៊ុន សុខុម លើកឡើងថា ដើម្បីធ្វើឲ្យសហគមន៍កសិកម្មមានគុណភាពល្អ តម្រូវឲ្យទាំងផ្នែករដ្ឋ និងដៃគូអភិវឌ្ឍន៍ទាំងអស់រួមដៃគ្នាពង្រឹងសមត្ថភាពសហគមន៍កសិកម្មឲ្យមានភាពរឹងមាំ និងជំរុញការអភិវឌ្ឍមុខជំនួញសហគមន៍កសិកម្មឲ្យដំណើរការល្អ តាមរយៈការបង្កើតដៃគូជំនួញជាមួយផ្នែកឯកជន ការអនុវត្តធរុកិច្ចកសិកម្មតាមកិច្ចសន្យាដែលនាំឲ្យសហគមន៍កសិកម្ម និងផ្នែកឯកជនទទួលបានភាពជោគជ័យក្នុងមុខជំនួញទាំងអស់គ្នា។
លោកស្រី កែវ គៀង ប្រធានប្រចាំប្រទេសអង្គការហេហ្វឺអន្តរជាតិកម្ពុជា កត់សម្គាល់ថា បច្ចុប្បន្នមានអង្គការ និងស្ថានប័នពាក់ពន្ធ័ជាច្រើន បាននឹងកំពុងធ្វើការគាំទ្រដល់សហគមន៍កសិកម្ម ដោយរូមទាំងការជួយរៀបចំបង្កើត និងពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ទាំងផ្នែកបច្ចេកទេស និងមិនបច្ចេកទេស ដើម្បីផលិតផល គុណភាព និងភ្ជាប់ទំនាក់ទំនងទីផ្សារ បើទោះជាមានសហគមន៍កសិកម្មកសិកម្មខ្លះមិនទាន់អនុវត្តល្អលើផ្នែកគ្រប់គ្រង ផ្នែកអាជីវកម្ម និងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុក្តី។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា មកដល់ត្រឹមចុងឆ្នាំ២០១៨ នៅទូទាំងប្រទេសកម្ពុជាមានសហគមន៍កសិកម្មសរុបជាង១ពាន់សហគមន៍ ជាមួយនឹងប្រាក់ភាគហ៊ុនសរុបប្រមាណ៩លាន៣សែនដុល្លារអាមេរិក ក្នុងនោះភាគហ៊ុនសមាជិកជាស្ត្រីចំនួន៦២ភាគរយ៕