ប្រទេសចិនបើកដំណើរការសាកល្បងផ្លូវរថភ្លើងក្រោមដីជាលើកដំបូងឆ្លងកាត់ទន្លេលឿង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ភួង​ ឈុន​លាង​៖

ប្រទេសចិនបានដាក់ឲ្យដំណើរការសាកល្បងខ្សែរថភ្លើងក្រោមដីជាលើកដំបូង ដោយរត់នៅក្រោមទន្លេលឿងដែលជាទន្លេវែងបំផុតទីពីររបស់ប្រទេសចិន នៅទីក្រុង Lanzhou ខេត Gansu ដែលទន្លេនេះមានប្រវែងរហូតដល់ ៥៤៦៤ គីឡូម៉ែត្រពីខាងលិចទៅខាងកើតហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។


យោងតាមការការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ បានអោយដឹងថា ផ្លូវរថភ្លើងនេះគឺជាមធ្យោបាយដឹកជញ្ជូនដ៏ឆាប់រហ័សដែលជាក្តីសុបិន្តរបស់ប្រជាជន៣លាននាក់នៅក្នុងទីក្រុង
នេះដែលកន្លងមកមានតែការធ្វើដំណើរនិងដឹកជញ្ជូនច្រើនតាមស្ពានតែប៉ុណ្ណោះ។


លោក Huang Jianwei អគ្គលេខាធិការរងនៃសមាគមផ្លូវដែកផ្លូវដែកចិនបាននិយាយថា
ការស្ថាបនាផ្លូវរត់ភ្លើងក្រោមដីនេះបានចាប់ផ្តើមនៅឆ្នាំ២០១៤ ដោយមកដល់ពេលនេះត្រូវបានដាក់ឲ្យដំណើរការសាកល្បងខ្សែទីមួយក្នុងរយៈចម្ងាយជិត២៦ គីឡូម៉ែត្រពីត្រើយខាងលិចទៅត្រើយខាងកើតឆ្លងកាត់ទីប្រជុំជនចំនួន ៣ នៃទីក្រុង Lanzhou ។
សូមបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៨ ទីក្រុងចំនួន ៣៥ នៅក្នុងប្រទេសចិនបានបើកខ្សែរថភ្លើងឆ្លងកាត់ទីក្រុងចំនួន ១៨៥ ដោយមានប្រវែង ៥,៧៦១ គីឡូម៉ែត្រ​ ។